លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា នឹង «ទិញតែផលិតផលដែលផលិតនៅអាមេរិកប៉ុណ្ណោះ» ជាមួយនឹងប្រាក់ចំណូលពីកិច្ចព្រមព្រៀងដែលនឹងធ្វើឲ្យប្រទេសនេះបញ្ចេញប្រេងរហូតដល់ ៥០លានបារ៉ែលទៅសហរដ្ឋអាមេរិក។

លោក Trump បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមថា៖ «ការទិញទាំងនេះ នឹងរួមបញ្ចូល ក្នុងចំណោមទំនិញផ្សេងទៀត ផលិតផលកសិកម្មរបស់អាមេរិក និងឱសថផលិតនៅអាមេរិក ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខា ដើម្បីធ្វើឲ្យបណ្តាញអគ្គិសនី និងរោងចក្រថាមពលរបស់ប្រទេសវ៉ណេស៊ុយអេឡាប្រសើរឡើង។ ម្យ៉ាងវិញទៀត វ៉េណេស៊ុយអេឡា ប្តេជ្ញាធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូដ៏សំខាន់របស់ខ្លួន»។
លោក Trump បាននិងកំពុងដាក់សម្ពាធលើមេដឹកនាំបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez ឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានប្រតិបត្តិការកាលពីចុងសប្តាហ៍មុន ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro។

កាលពីថ្ងៃទី៦ ខែមករា លោក Trump បានប្រកាសពីផែនការ ដែលនឹងឃើញវ៉េណេស៊ុយអេឡាបញ្ជូនប្រេងទៅសហរដ្ឋអាមេរិក ដើម្បីលក់ ដែលមានតម្លៃប្រហែល ២,៨ពាន់លានដុល្លារ តាមតម្លៃទីផ្សារបច្ចុប្បន្ន។
បុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា ប្រាក់ចំណូលពីការលក់ នឹងត្រូវបានរក្សាទុកនៅក្នុងគណនីរតនាគាររបស់សហរដ្ឋអាមេរិក ជាចំណាត់ការដែលនឹងការពារប្រាក់ចំណូលពីម្ចាស់បំណុលរបស់វ៉េណេស៊ុយអេឡា។ ហើយកាលពីថ្ងៃពុធ (ទី៧ ខែមករា) អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានថា អាមេរិកបានចាប់ផ្តើមទីផ្សារប្រេងឆៅ នៅវ៉េណេស៊ុយអេឡារួចហើយ៕