រុស្ស៊ី កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ការរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីដោយសហរដ្ឋអាមេរិក នៅមហាសមុទ្រអាត្លង់ទិក គឺជាការបំពានច្បាប់ដែនសមុទ្រ ហើយសមាជិកសភាជាន់ខ្ពស់របស់ទីក្រុងមូស្គូ បានពណ៌នាថា វាជា «ទង្វើរបស់ចោរសមុទ្រសុទ្ធសាធ»។

ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បានលើកឡើងថា ការទាក់ទងជាមួយនាវាឈ្មោះ Marinera ត្រូវបានដាច់ បន្ទាប់ពីកងកម្លាំងជើងទឹកអាមេរិក បានឡើងទៅលើនាវានោះនៅជិតប្រទេសអ៊ីស្លង់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចេញប្រេងពីប្រទេសវ៉េណេស៊ុយអេឡា។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេរីភាពនៃការធ្វើនាវាចរណ៍ ត្រូវបានអនុវត្តនៅក្នុងដែនសមុទ្រអន្តរជាតិ ហើយគ្មានរដ្ឋណាមួយ មានសិទ្ធិប្រើប្រាស់កម្លាំង ប្រឆាំងនឹងនាវាដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងយុត្តាធិការនៃរដ្ឋផ្សេងទៀតនោះឡើយ»។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់ការលើកឡើងរបស់ក្រសួងការបរទេសដែលបានបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងទាមទារឲ្យសហរដ្ឋអាមេរិក ត្រូវធានាឲ្យមានការប្រព្រឹត្តិប្រកបដោយមនុស្សធម៌ និងសីលធម៌ ចំពោះសមាជិកនាវិករុស្ស៊ី និងការបញ្ជូនពួកគេឲ្យវិលត្រឡប់មកប្រទេសវិញយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ការបិទខ្ទប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែលឈានដល់ដំណាក់កាលក្ដៅបំផុត នៅពេលដែលប្រធានាធិបតី លោក Donald Trump បានបញ្ជូនកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែមករា ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ហើយនាំរូបលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីឲ្យប្រឈមជាមួយការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ជាអ្វីដែលលោកបានបដិសេធ៕