ប្រទេសចិនកំពុងសាកល្បងការគាំទ្ររបស់លោក Donald Trump សម្រាប់សម្ព័ន្ធមិត្តធំជាងគេរបស់អាមេរិក នៅតំបន់អាស៊ី ដោយដាក់ចេញនូវការត្រួតពិនិត្យការនាំចេញលើប្រទេសជប៉ុនជាច្រើនខែ បន្ទាប់ពីមេដឹកនាំអាមេរិក បានពោលដោយមោទនភាពថា រូបលោកបានដោះស្រាយបញ្ហារ៉ែកម្រ «សម្រាប់ពិភពលោក»។

ទីក្រុងប៉េកាំងបានបង្កើនកម្ដៅបន្ថែមទៀតទៅលើទីក្រុងតូក្យូក្នុងសប្តាហ៍នេះ ដោយហាមឃាត់ការដឹកជញ្ជូននូវគ្រប់ទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា សម្រាប់គោលបំណងយោធា ពោលគឺទំនងជាអាចកំណត់ប្រមាណជា ៤០ភាគរយនៃការនាំចេញរបស់ចិនទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ហើយគំរាមធ្វើការគ្រប់គ្រងកាន់តែតឹងរ៉ឹង លើធានធានរ៉ែកម្រដែលគាំទ្រដល់វិស័យរថយន្តរបស់ជប៉ុន។ ប៉ុន្មានម៉ោងក្រោយមក ចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការបង្ខូចតម្លៃទីផ្សារ ចំពោះសម្ភារៈផលិតបន្ទះឈីបសំខាន់ៗ ដែលជាការផ្តោតលើសសរស្តម្ភមួយទៀតនៃឧស្សាហកម្មជប៉ុន។

រួមរាល់ការដាក់ចេញនូវការរឹតបន្តឹងនានា ចំណាត់ការទាំងនេះបង្ហាញថា យុទ្ធនាការដាក់សម្ពាធរបស់ប្រធានាធិបតីចិន លោក Xi Jinping លើនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ការដាក់កម្រិតលើរ៉ែកម្រ ក៏ផ្តល់នូវការប្រឈមដោយផ្ទាល់ដល់លោក Trump បន្ទាប់ពីមេដឹកនាំអាមេរិក បាននិយាយដោយមោទនភាពថា លោកបានដោះស្រាយបញ្ហានោះ ក្នុងអំឡុងពេលមានកិច្ចប្រជុំជាមួយមេដឹកនាំកំពូលរបស់ប្រទេសចិន ដែលបានឃើញទីក្រុងប៉េកាំងប្តេជ្ញាបន្តបញ្ជូនលោហៈធាតុសំខាន់ៗ ដែលផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីយន្តហោះ រហូតដល់មីស៊ីល។
តែយ៉ាងណាក្ដី សម្រាប់ពេលនេះ លោកស្រី Takaichi ហាក់ដូចជាកំពុងថ្លឹងថ្លែងជម្រើសរបស់លោកស្រី។ បើទោះបីជារដ្ឋាភិបាលរបស់លោកស្រី បានតវ៉ាចំពោះចំណាត់ការចុងក្រោយរបស់ចិន ក៏រហូតមកដល់ពេលនេះ លោកស្រីបានបដិសេធមិនចេញនូវការឆ្លើយតបសងសឹក ដែលនឹងប្រថុយឲ្យមានផលប៉ះពាល់តបវិញកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេស ដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន ពឹងផ្អែកលើធនធានដែលមានប្រភពពីចិន ដើម្បីផលិតរថយន្តអគ្គិសនី។
លោក Kurt Tong អតីតមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំតំបន់អាស៊ី ដែលបច្ចុប្បន្នជាដៃគូគ្រប់គ្រង នៅក្រុមហ៊ុន Asia Group បាននិយាយថា៖ «វិធីសាស្រ្តស្វ័យប្រវត្តិរបស់ជប៉ុន ចំពោះភាពរកាំរកូសនៃគោលនយោបាយរបស់ចិន គឺមិនត្រឹមតែជៀសវាងការមានជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចៀសនូវវិធានការសងសឹកតបវិញណាមួយដែរ។ ផ្ទុយទៅវិញ ប្រទេសនេះមានគោលបំណងរង់ចាំចិនដោយអត់ធ្មត់ ហើយរំពឹងថា បញ្ហានឹងស្ងប់ស្ងាត់នៅទីបំផុត»៕