ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ បុគ្គលិកបម្រើការងារក្នុងវិស័យឯកជន ស្ថិតនៅរាជធានីភ្នំពេញ បន្តទៅ ចាក់វ៉ាក់សាំង ដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩។
បុគ្គលិកបម្រើការងារក្នុងវិស័យឯកជន មកចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូស ទី៤រួច គឺបានរួមចំណែកកាត់បន្ថយការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលក្នុងសហគមន៍។ បើទោះបីចាក់វ៉ាក់សាំងរួចក្តី ពួកគេ នៅតែបន្តអនុវត្តវិធានការ សុខាភិបាល និងវិធានការ ៣កុំ ៣ការពារ។
លោកអនុបណ្ឌិតសុខភាពសាធារណៈ ចេវ ប៊ុនណា អនុប្រធានមណ្ឌលសុខភាពទទួលស្វាយព្រៃ បានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងនៅទីតាំងនេះ ហាក់មានថមថយជាងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដែលក្នុងមួយថ្ងៃ មានប្រមាណ៤០០នាក់ ចាប់ពីកុមារអាយុ ៣ឆ្នាំឡើង ចាក់ពីដូសទី១ ដល់ទី៤។
លោក បានបន្តអំពាវនាវ ដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងសូមរួសរាន់ មកចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។
បច្ចុប្បន្នកម្ពុជារកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្ត ការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ដូសទី៤៕ អត្ថបទ៖ ទូច សោភ័ណ