រដ្ឋាភិបាលយេម៉ែន បានដាក់បម្រាមគោចរពេលយប់ នៅទីក្រុង Aden កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) ពោលគឺប៉ុន្មានម៉ោង បន្ទាប់ពីបានដណ្ដើមគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនេះវិញ ពីក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនូវការប្រយុទ្ធដណ្ដើមអំណាច នៅភាគខាងត្បូង។
បម្រាមគោចរដែលចូលជាធរមានចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) ត្រូវបានប្រកាសដោយកងពល Giants Brigades ដែលបានបញ្ជាក់ថា វិធានការនេះមានគោលបំណងស្តារសន្តិសុខ និងស្ថិរភាព នៅក្នុងរដ្ឋធានីបណ្តោះអាសន្នរបស់ប្រទេស។

ចំណាត់ការនេះ បានកើតមានឡើងបន្ទាប់ពីការរុលទៅមុខរបស់កងកម្លាំងដែលគាំទ្រស្ថាប័នដឹកនាំរបស់ប្រទេសយេម៉ែន ឆ្ពោះទៅកាន់ទីក្រុង Aden បន្ទាប់ពីក្រុម STC បានប្រាប់ថា មេដឹកនាំរបស់ខ្លួន លោក Aidarous al-Zubaidi នៅតែស្ថិតក្នុងទីក្រុងនេះ។
កាលពីព្រឹកថ្ងៃពុធនោះ ក្រុមប្រឹក្សាបានបណ្ដេញលោក Zubaidi ដោយចោទពីបទក្បត់ជាតិ ដោយចោទប្រកាន់កងកម្លាំងរបស់លោកថា បានដណ្តើមកាន់កាប់ខេត្តភាគខាងកើត Hadhramaut និង Al-Mahra ជាតំបន់ដែលកងទ័ពរដ្ឋាភិបាលដណ្តើមបានមកវិញ កាលពីដើមសប្តាហ៍នេះ។ ភាពតានតឹងក្នុងតំបន់ ក៏បានកើនឡើងផងដែរ។ កាលពីសប្តាហ៍មុន អារ៉ាប៊ីសាអ៊ូឌីតបានចោទប្រកាន់ប្រទេសអារ៉ាប់រួមថា បានគាំទ្រប្រតិបត្តិការយោធារបស់ក្រុម STC នៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាការចោទប្រកាន់ដែលទីក្រុង Abu Dhabi បានបដិសេធ។
វិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗបន្ទាប់ពីលោក Zubaidi កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បានប្រកាសពី «ដំណាក់កាលអន្តរកាល» រយៈពេល ២ឆ្នាំ ក្នុងនោះរួមទាំងការសន្ទនាជាមួយក្រុមផ្សេងៗនៅភាគខាងត្បូង និងការបោះឆ្នោះប្រជាមតិ នាពេលអនាគត ស្តីពីអបគមន៍ ជាវិធានការមួយដែលត្រូវបានច្រានចោលដោយរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យេម៉ែន៕
