អ៊ីស្រាអែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការយោធាមួយផ្សេងទៀត នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមស្ថានីយវិទ្យុ Kan។
យោងតាមស្ថានីយវិទ្យុនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រាប់សមាជិករដ្ឋាភិបាលរបស់ប្រទេសនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តប្រតិបត្តិការបែបនេះ ដែលនឹងត្រូវបានត្រៀមធ្វើឡើង ដើម្បីដកហូតអាវុធពីអង្គភាពនានារបស់ក្រុមហេសបូឡា។
មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានប្រាប់លោកវិទ្យុ Kan ថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងថា ប្រសិនបើក្រុមហេសបូឡា បដិសេធមិនប្រគល់អាវុធទេ អ៊ីស្រាអែលនឹងធ្វើវាដោយខ្លួនឯង ទោះបីជាវានឹងតម្រូវឲ្យមានប្រតិបត្តិការប្រយុទ្ធបន្ថែមទៀត នៅភាគខាងជើងអ៊ីស្រាអែល និងការប្រយុទ្ធគ្នាជាច្រើន ថ្ងៃក៏ដោយ។

ក្រោមផែនការសម្រាប់ការដកហូតអាវុធពីក្រុមប្រដាប់អាវុធខុសច្បាប់ នៅក្នុងប្រទេសលីបង់ ដែលត្រូវបានគាំទ្រដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមប្រដាប់អាវុធទាំងអស់ រួមទាំងក្រុមហេសបូឡា ត្រូវបានគេសន្មត់ថា នឹងប្រគល់អាវុធឲ្យទៅអាជ្ញាធរនៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ជ្រលងភ្នំ Beqaa និងភ្នំ Lebanon ក្នុងដំណាក់កាលទី ៣ និងទី ៤។
នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយនៅថ្ងៃទី ២០ ខែធ្នូថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណាក់កាលទី ២ នៃផែនការរបស់ខ្លួនសម្រាប់ការដកហូតអាវុធពីអង្គភាពយោធា ប៉ារ៉ា ដែលនឹងគ្របដណ្តប់តំបន់ភាគខាងត្បូងនៃទន្លេ Litani។ លោកក៏បានអំពាវនាវឲ្យមានជំនួយអន្តរជាតិដល់កងទ័ពលីបង់ នៅក្នុងបេសកកម្មនេះ។ ជាការឆ្លើយតប មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា ក្រុមនេះ បដិសេធមិនពិភាក្សាអំពីបញ្ហានៃការដកហូតអាវុធរបស់ខ្លួន រហូតដល់អ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីប្រទេសលីបង់៕
