បេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង (UNMISS) បាននិយាយកាលពីថ្ងៃពុធថា បេសកម្មនេះបានបង្កើនការល្បាតសន្តិសុខនៅក្នុងនិងជុំវិញជំរំជនភៀសខ្លួនក្នុងស្រុក Bentiu ជាស្រុកមួយនៅក្នុងរដ្ឋ Unity បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះរវាងកងកម្លាំងជាគូប្រជែង។
អ្នកនាំពាក្យបេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូង លោកស្រី Priyanka Chowdhury បាននិយាយថា បេសកកម្មរក្សាសន្តិភាពនៅតែបន្តចូលរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់រដ្ឋ ដើម្បីជួយទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងបន្ធូរបន្ថយភាពតានតឹងនៅក្នុងរដ្ឋ Unity។

លោកស្រី Chowdhury បាននិយាយនៅទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា «ខណៈរដ្ឋាភិបាលស៊ូដង់ខាងត្បូងទទួលខុសត្រូវចម្បងក្នុងការការពារជនស៊ីវិល បេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង បានដាក់ពង្រាយការល្បាតរក្សាសន្តិភាពនៅក្នុងនិងជុំវិញជំរំជនភៀសខ្លួន Bentiu ដើម្បីធានាដល់ប្រជាជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាព»។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ រវាងកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) និងចលនារំដោះប្រជាជនស៊ូដង់ជាកងទ័ពប្រឆាំង នៅក្នុងនិងជុំវិញជំរំជនភៀសខ្លួនក្នុងតំបន់ Bentiu។
