កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) មន្ត្រីក្រសួងការបរទេសអាមេរិក បានស្តីបន្ទោសមេដឹកនាំរបស់សូម៉ាលី ពាក់ព័ន្ធនឹងរបាយការណ៍ អំពីការលួចជំនួយស្បៀងអាហារ ហើយបានផ្អាក «កម្មវិធីជំនួយទាំងអស់របស់សហរដ្ឋអាមេរិកដែលកំពុងបន្តមាន» ដល់រដ្ឋាភិបាលរបស់ប្រទេសនេះ។ នេះបើយោងតាមការបង្ហោះមួយ នៅលើបណ្ដាញសង្គម X។

ដោយកត់សម្គាល់ពី «គោលនយោបាយមិនអត់ឱនជាដាច់ខាត» របស់ខ្លួន ចំពោះការបំផ្លាញ ឬការលួច អនុរដ្ឋមន្ត្រី ទទួលបន្ទុកជំនួយបរទេស កិច្ចការមនុស្សធម៌ និងសេរីភាពសាសនារបស់សហរដ្ឋអាមេរិក បានបង្ហោះសារថា ខ្លួនបានទទួលរបាយការណ៍ថា មន្ត្រីសូម៉ាលី «បានបំផ្លាញឃ្លាំងស្តុកទុករបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងបានរឹបអូសដោយខុសច្បាប់នូវជំនួយស្បៀងអាហារចំនួន ៧៦តោនដែលផ្តល់មូលនិធិដោយអ្នកបរិច្ចាគ សម្រាប់ជនជាតិសូម៉ាលីដែលងាយរងគ្រោះ»។
មន្ត្រីអាមេរិក បានបន្ថែមថា ជំនួយនាពេលអនាគតណាមួយ នឹង «អាស្រ័យលើរដ្ឋាភិបាលសហព័ន្ធសូម៉ាលីថា តើទទួលខុសត្រូវ និងដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច។ មន្ត្រីនៅក្នុងប្រទេសសូម៉ាលី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការឆ្លើយតប ពាក់ព័ន្ធនឹងការកាត់បន្ថយនេះ។
ដោយស្ថិតនៅក្នុងទីតាំងនៃញកតំបន់អាហ្វ្រិក សូម៉ាលីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ត្រូវបានចាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតរបស់ពិភពលោក ដោយអង្គការសហប្រជាជាតិ៕

