ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលកំពុងបំពេញទស្សនកិច្ច កាលពីថ្ងៃពុធ បានចូលរួមក្នុងកិច្ចប្រជុំបើកសម្ពោធក្រុមប្រឹក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ទួរគី-ម៉ាឡេស៊ី ដោយសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេង ទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំនោះ លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់លើវិធីសាស្រ្ត «ឈ្នះ-ឈ្នះ» ដោយនិយាយថា៖«ទួរគីនឹងបន្តវាយតម្លៃជំហានរួមគ្នាដែលខ្លួនអាចធ្វើបានជាមួយម៉ាឡេស៊ីក្នុងវិស័យឧស្សាហកម្មការពារជាតិ»។

មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំឧត្តមសិក្សា ការវិនិយោគ ហិរញ្ញប្បទាននាំចេញ ការស្រាវជ្រាវ ការសាងសង់នាវា និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
ខណៈពេលរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគូឡាឡាំពួរកាលពីខែកុម្ភៈ ឆ្នាំមុន លោក អឺដូហ្កាន់ បានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការនៅពេលនោះ ដោយកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ។
លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទួរគី នៅក្នុងតំបន់ អាស៊ាន ដោយបន្ថែមថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាធរមាន៕
