វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អ៊ុយក្រែន Dayana Yastremska បានសម្រេចបរិច្ចាគប្រាក់រង្វាន់របស់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះនៅប្រទេសកំណើតរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

កីឡាការិនីវ័យ ២១ឆ្នាំរូបនេះបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Lyon Open ដោយបរាជ័យក្រោមស្នាដៃកីឡាការិនីចិន Zhang Shuai ដោយលទ្ធផល ៣-៦, ៦-៣ និង ៦-៤ ដែលជាជើងឯកក្នុងក្របខណ្ឌ WTA ជាលើកទី៣ សំរាប់កីឡាការិនីចិនរូបនេះ។ Yastremska បាននិយាយថា ប្រាក់រង្វាន់ជើងឯករងចំនួន ១២០០០ផោននេះ នាងសម្រេចបរិច្ចាគជូនមូលនិធីមួយដើម្បីជួយសង្គ្រោះជនរងគ្រោះ ដោយសារសង្គ្រាមរុស្ស៊ីឈ្លានពានមកលើអ៊ុយក្រែននេះ។ Dayana Yastremska បានពាក់ទង់ជាតិអ៊ុយក្រែននៅខ្លួនរបស់នាង និងបានសម្រក់ទឹកភ្នែកជាមួយនឹងសារផ្ញើទៅកាន់ប្រជាជនអ៊ុយក្រែនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសដែលកំពុងគ្រប់គ្រងនៅផ្នែកខ្លះដោយទាហានរុស្ស៊ី៕
អត្ថបទ៖នាង សុភាវុធ