យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារដោយកំណត់គោលដៅលើទីតាំងបាញ់រ៉ូកែតមួយកន្លែង នៅជិតទីក្រុងហ្កាហ្សា បន្ទាប់ពីកំណត់អត្តសញ្ញាណបាននូវការបាញ់រ៉ូកែតមិនជោគជ័យ ខណៈដែលមន្ទិលសង្ស័យកើនឡើង ជុំវិញថា តើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងចាប់ផ្តើមនៅពេលណា។
យោធាបានបញ្ជាក់ថា គ្រាប់រ៉ូកែននោះមិនបានហោះឆ្លងកាត់ទឹកដីអ៊ីស្រាអែលទេ ហើយទីតាំងបាញ់ត្រូវបានវាយប្រហារភ្លាមៗ បន្ទាប់ពីការប៉ុនប៉ងត្រូវបានរកឃើញ។

យោធាបានចោទប្រកាន់ក្រុមហាម៉ាសថា បានរំលោភលើបទឈប់បាញ់ ២ដង ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ ប្រភពមួយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានប្រាប់សារព័ត៌មាន Reuters ថា ខ្លួនកំពុងពិនិត្យមើលការចោទប្រកាន់នេះ។ អ៊ីស្រាអែលកំពុងរង់ចាំការប្រគល់សាកសពចុងក្រោយដែលគ្រោងកើតឡើង នៅក្រោមដំណាក់កាលបទឈប់បាញ់បច្ចុប្បន្ន។
មន្ត្រីអ៊ីស្រាអែលម្នាក់ដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងចាត់វិធានការឆ្ពោះទៅដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ទេ រហូតដល់ក្រុមហាម៉ាសប្រគល់សាកសពរបស់ចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយដែលនៅតែរក្សាទុកនៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលមិនទាន់បើកច្រកឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីបនៅឡើយទេ ជាលក្ខខណ្ឌមួយទៀតនៃផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយផ្ដល់ហេតុផលថា ខ្លួននឹងធ្វើដូច្នេះទេ ប្រសិនបើសាកសពនៅតែមិនត្រូវបានប្រគល់មកវិញ។ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារតាមអាកាស និងប្រតិបត្តិការកំណត់គោលដៅ នៅទូទាំងតំបន់ហ្កាហ្សា៕
