រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពណាមួយដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ដោយរដ្ឋាភិបាលលោកខាងលិច នឹងក្លាយជា «គោលដៅប្រយុទ្ធស្របច្បាប់» បន្ទាប់ពីចក្រភពអង់គ្លេស និងបារាំង បានប្រកាសពីផែនការដាក់ពង្រាយកងកម្លាំងពហុជាតិ នៅទីនោះ ក្នុងករណីមានបទឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា «សេចក្តីប្រកាសយោធានិយម» ដោយសម្ព័ន្ធភាពរដ្ឋាភិបាលលោកខាងលិចដែលគាំទ្រអ៊ុយក្រែន កំពុងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងឡើងៗ។ រុស្ស៊ីកំពុងឆ្លើយតបជាលើកដំបូង ចំពោះកិច្ចប្រជុំនៃ «សម្ព័ន្ធឆន្ទៈរួម» នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារ ដែលចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើសេចក្តីប្រកាសបំណង ស្ដីពីការដាក់ពង្រាយ នាពេលអនាគត។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការប្រកាសនោះ អាចពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពបារាំងរាប់ពាន់នាក់។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ថា វាបានបើកផ្លូវឲ្យមានក្របខ័ណ្ឌច្បាប់មួយ ដែល «កងកម្លាំងអង់គ្លេស បារាំង និងដៃគូ អាចធ្វើប្រតិបត្តិការនៅលើដែនដីអ៊ុយក្រែន ធានាសុវត្ថិភាពដែនអាកាស និងសមុទ្ររបស់អ៊ុយក្រែន ហើយស្ដារកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញ សម្រាប់ពេលអនាគត»
សេចក្តីថ្លែងការណ៍ពីទីក្រុងមូស្គូ បានឲ្យដឹងថា រុស្ស៊ី «ព្រមានថា ការដាក់ពង្រាយអង្គភាពយោធាលោកខាងលិច មូលដ្ឋានយោធា ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅលើទឹកដីអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ជាអន្តរាគមន៍ពីបរទេស ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ ដោយមិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសអឺរ៉ុបដទៃទៀតផងដែរ»។
សេចក្ដីថ្លែងការណ៍ បានបន្ថែមថា៖ «អង្គភាព និងមូលដ្ឋានទាំងអស់បែបនេះ នឹងត្រូវបានចាត់ទុកថា ជាគោលដៅប្រយុទ្ធស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ សេចក្តីប្រកាសយោធានិយមថ្មីៗរបស់សម្ព័ន្ធមិត្ត ដែលហៅថា សម្ព័ន្ធមិត្តឆន្ទៈរួម និងរបបទីក្រុងគីវ បង្កើតបានជា «អាក់ស៊ីសសង្គ្រាម» ដ៏ពិតប្រាកដមួយ៕