ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) នេះថា មន្ត្រីនគរបាលអ៊ីរ៉ង់ម្នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅក្នុងតវ៉ា នៅជិតរដ្ឋធានីតេអេរ៉ង់។
យោងតាមសេចក្ដីរាយការណ៍ក្នុងស្រុក លោកអនុសេនីយ៍ឯក Shahin Dehghan ត្រូវបានចាក់បណ្ដាលឲ្យស្លាប់ ក្នុងអំឡុងពេលមានភាពចលាចល នៅក្នុងទីក្រុង Malard ភាគខាងលិចរដ្ឋធានី។ អាជ្ញាធរសន្តិសុខបានឲ្យដឹងថា ការស៊ើបអង្កេតកំពុងបន្តមាន ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ។
អ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយរលកនៃការតវ៉ា ចាប់តាំងពីខែមុន ដែលបានចាប់ផ្តើមឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅឯផ្សារ Grand Bazaar ក្នុងទីក្រុងតេអេរ៉ង់ ដែលជាបេះដូងនៃសកម្មភាពអាជីវកម្មរបស់រដ្ឋធានី ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃរូបិយប័ណ្ណអ៊ីរ៉ង់ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ក្រោយមក បាតុកម្មបានរីករាលដាលដល់ទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេស។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា ចំនួនមន្ត្រីនគរបាលដែលរងរបួស ក្នុងអំឡុងពេលតវ៉ា បានកើនឡើងដល់ ៥៦៨នាក់ ខណៈដែលសមាជិក ៦៦នាក់នៃកងកម្លាំងយោធា Basij ក៏បានរងរបួសផងដែរ។
អ៊ីរ៉ង់បានប្រឈមនឹងសប្តាហ៍នៃការតវ៉ា ចំពេលស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ និងការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃរូបិយប័ណ្ណជាតិ៕