បន្ទាយមានជ័យ៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. បានចូលរួមកិច្ចប្រជុំ ដើម្បីសិក្សាវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំពិភាក្សាខាងលើបានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារចំពោះកិច្ច, ឯកឧត្តម ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួន។
ក្នុងបេសកកម្មនេះដែរ, ឯកឧត្តម គីម វីរៈ ក៏បានចូលរួមជាមួយក្រុមការងារចុះជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេសពលរដ្ឋ ដែលមានលំនៅឋានរងការបំផ្លិចបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា។









