ភាពតានតឹងរវាងរដ្ឋ Minnesota និងមន្ត្រីសហព័ន្ធ បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ (៨ មករា) ជុំវិញការបាញ់សម្លាប់ស្ត្រីជាម្ដាយវ័យ ៣៧ឆ្នាំម្នាក់ ដែលមានកូន ៣នាក់ នៅទីក្រុង Minneapolis ដោយភ្នាក់ងារអន្តោប្រវេសន៍អាមេរិក ក្នុងឧប្បត្តិហេតុមួយដែលទាក់ទាញការរិះគន់យ៉ាងខឹងសម្បារពីមន្ត្រីមូលដ្ឋាន និងបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។

ក្រុមមន្ត្រីរដ្ឋ និងសហព័ន្ធ បានផ្តល់ការអះអាងខុសគ្នាទាំងស្រុងពីការបាញ់ប្រហារ ដែលក្នុងនោះ ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ICE ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់ពលរដ្ឋអាមេរិក ឈ្មោះ Renee Nicole Good ក្នុងតំបន់លំនៅដ្ឋានមួយកន្លែង។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមទាំងមន្រ្តីផ្សេងទៀត បាននិយាយថា នោះជា "ការបាញ់ការពារខ្លួន" ហើយបានចោទស្ត្រីរងគ្រោះថាព្យាយាមបើករថយន្តបំបុកភ្នាក់ងារ ក្នុងសកម្មភាពដូចទៅនឹង "ភេរវកម្មក្នុងស្រុក"។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានហៅទង្វើរបស់ស្រ្តីរូបនោះ ម្តងហើយម្តងទៀតថាជា "ការវាយប្រហារ" លើមន្រ្តីអនុវត្តច្បាប់។ ប៉ុន្តែលោក Jacob Frey អភិបាលក្រុង Minneapolis បានហៅការអះអាងទាំងនោះថា «ផ្ដេសផ្ដាស» និង «សំរាម» ដោយផ្អែកលើវីដេអូថតបានពីហេតុការណ៍ ដែលហាក់ដូចជាផ្ទុយនឹងការរៀបរាប់របស់រដ្ឋាភិបាល។
ការបាញ់ប្រហារបានធ្វើឱ្យទីក្រុងនេះច្របូកច្របល់ ដោយមនុស្សរាប់ពាន់នាក់បានចេញតវ៉ា។ ក្រុមបាតុករប្រមូលផ្តុំគ្នានៅអគារសហព័ន្ធ ដោយស្រែកថា «អាម៉ាស់» និង «ឃាតកម្ម» លើមន្ត្រីសហព័ន្ធ ចំណែកក្រុមមន្រ្តីបានប្រើឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ។ នៅទីក្រុងវ៉ាស៊ីនតោន ហ្វូងបាតុករបានដង្ហែក្បួនឆ្ពោះទៅកាន់សេតវិមាន ខណៈការតវ៉ាផ្សេងទៀតក៏កំពុងបន្ត ឬត្រូវបានគ្រោងទុកនៅក្នុងទីក្រុងដទៃទៀតផងដែរ រួមមានទីក្រុង New York ក្រុង Chicago និងក្រុង Los Angeles ជាដើម៕




