ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលច្បាប់អន្តរជាតិ ដោយនិយាយថាមានតែ "សីលធម៌ផ្ទាល់ខ្លួន" របស់លោកប៉ុណ្ណោះដែលអាចទប់ស្កាត់គោលនយោបាយឈ្លានពានដែលលោកកំពុងអនុវត្តនៅទូទាំងពិភពលោក បន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា។

លោក Trump បានប្រាប់សារព័ត៌មាន The New York Times កាលពីថ្ងៃព្រហស្បតិ៍ ៨មករា សប្ដាហ៍នេះ ថា លោកមិនត្រូវការច្បាប់អន្តរជាតិទេ។ លោកមិនចង់ធ្វើបាបមនុស្សទេ។

នៅពេលសួរថាតើលោកត្រូវការគោរពតាមច្បាប់អន្តរជាតិដែរឬទេ លោក Trump បាននិយាយថាលោកត្រូវការគោរព ប៉ុន្តែវាអាស្រ័យលើនិយមន័យរបស់អ្នកអំពីច្បាប់អន្តរជាតិ។
លោក Trump បានបង្ហាញពីឆន្ទៈក្នុងការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លារបស់យោធាអាមេរិក ដើម្បីសម្រេចគោលដៅគោលនយោបាយការបរទេសរបស់លោក។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកការវាយប្រហារទាំងព្រឹកព្រលឹមលើប្រទេសវ៉េណេស៊ុយអេឡា ដោយមានការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅទូទាំងរដ្ឋធានី ការ៉ាកាស (Caracas) និងនៅមូលដ្ឋានយោធាវ៉េណេស៊ុយអេឡា។

កងទ័ពអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Maduro ពីរដ្ឋធានី ការ៉ាកាស ដែលក្រុមអ្នករិះគន់និយាយថាជាការរំលោភបំពានយ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមប្រាម "ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ៕