ប្រភពព័ត៌មានពីគ្រូពេទ្យបានប្រាប់សារព័ត៌មាន Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤ នាក់ រួមទាំងកុមារ ៥ នាក់ផងដែរ កាលពីថ្ងៃព្រហស្បតិ៍៨មករា សប្ដាហ៍នេះ ខណៈអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅតំបន់ឆ្នេរសមុទ្រទោះមានបទឈប់បាញ់ខែតុលាក៏ដោយ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំតង់សម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ al-Mawasi ភាគខាងត្បូងតំបន់ហ្កាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤ នាក់ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យ។
ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀតនៅក្នុងសង្កាត់ Zeitoun នៃទីក្រុងហ្កាហ្សាក៏បានសម្លាប់មនុស្ស ៤ នាក់ផងដែរ។ អ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកនៅតំបន់ Bureij និង Nuseirat នៃតំបន់ហ្កាហ្សាភាគកណ្ដាលផងដែរ។
ដោយឡែក ការបាញ់ប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ក្មេងស្រីប៉ាឡេស្ទីនអាយុ ១១ ឆ្នាំម្នាក់ឈ្មោះ Hamsa Housou នៅក្នុងតំបន់ Jabalia ភាគខាងជើងដែនដីហ្កាហ្សា។
ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារដោយយោធារបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ទោះមានកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា ២០២៥ ក៏ដោយ៕

