នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ាដោយផ្ទាល់និងបានបញ្ចប់បញ្ហាសព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកថ្លែងថា៖«ក្រោមការសម្របសម្រួលបន្ថែមទៀតពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះការទាមទាររបស់បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយបញ្ចប់ ហើយពួកគាត់បានចូលបម្រើការងារជាធម្មតាវិញហើយ»។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីបងប្អូនកម្មករនិយោជិតនៅរោងចក្រខាងលើបានធ្វើកូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារចំនួន១៣ចំណុច។
អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕


