កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវខ្ពង់ចំណាយ និងការ ចូលរួមលើកកម្ពស់ថាមពលស្អាតជាដើម។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្ត អគ្គិសនី និងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ ហ្សូ ម៉ូធ័រ ខេមបូឌា នៅល្ងាចថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥ ថា ជុំវិញវិស័យ អគ្គិសនីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេចបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ដោយបានកសាងមូលដ្ឋានគ្រឹះមានស្ថិរភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត ហើយបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តការកែទម្រង់ក្នុងល្បឿនលឿនមួយ បន្ថែមទៀត ដោយនៅក្នុងឆ្នាំ២០២៥ បានធ្វើឱ្យកម្ពុជាមានថាមពលស្អាតប្រមាណ ៦៣% នៃថាមពលសរុបក្នុងបណ្តាញជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ចំណែកការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញនេះ គឺបាន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទាញយកផលប្រយោជន៍ពីការកែទម្រង់ក្នុងវិស័យអគ្គិសនី ជាក់ស្តែង ការដាក់ឱ្យដំណើរការស្ថានីយ៍សាកអាគុយនេះ បាននិងកំពុងចូលរួមនៅក្នុងសេដ្ឋកិច្ច-សង្គម តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមកាត់បន្ថយនូវខ្ទង់ចំណាយមួយចំនួន ចំពោះប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងអ្នកធ្វើអាជីវកម្មលើប្រតិបត្តិការ ដឹកជញ្ជូន និងភស្តុភាកម្មជាដើម។
លោកបណ្ឌិត អ៊ីម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា លើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការ ជួយជ្រោមជ្រែងក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យ ហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍន៍ស្ថានីយ៍បញ្ចូលថាមពលគ្រប់ ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជម្រុញពង្រាយស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនឱ្យបានចំនួន ៣០០ ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន ៣០ ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន ២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី,








