យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងថា កងទ័ពស៊ីរីបានប៉ះទង្គិចជាមួយអ្នកប្រយុទ្ធមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)ដឹកនាំដោយក្រុមឃឺដនៅក្នុងតំបន់មួយចំនួននៃទីក្រុង Aleppo កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ហើយបានបញ្ជាឱ្យប្រជាជនជម្លៀសចេញ ដោយចោទប្រកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ថា បានប្រើប្រាស់តំបន់ដែលមានប្រជាជនឃឺដភាគច្រើន ដើម្បីបើកការវាយប្រហារ។

កងទ័ពបានចេញផ្សាយផែនទីចំនួន៧កំណត់តំបន់នានាដែលខ្លួននិយាយថានឹងត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារ ដោយជំរុញឱ្យប្រជាជនចាកចេញជាបន្ទាន់ដើម្បីសុវត្ថិភាពរបស់ពួកគេ។

ទីបញ្ជាការប្រតិបត្តិការរបស់ខ្លួនបានប្រកាសពីបម្រាមគោចរនៅក្នុងស្រុក Sheikh Maqsoud និង ស្រុកAshrafieh។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ បានបណ្តេញជនស៊ីវិលរាប់ពាន់នាក់ចេញពីលំនៅឋានរបស់ពួកគេ ដោយមួយចំនួនបានស្លាប់និងមនុស្សជាច្រើននាក់ទៀតរងរបួស។
កម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និយាយថា អ្នកប្រយុទ្ធបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមនិងកងកម្លាំងជំនួយមានសម្ព័ន្ធភាពជាមួយទីក្រុងដាម៉ាស ដោយនិយាយបន្ថែមថា ពួកគេបានទទួលរងការបាត់បង់ច្រើន។