ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) ថា បារាំង នឹងបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយ ដែលសហភាពអឺរ៉ុប គ្រោងនឹងចុះហត្ថលេខាជាមួយបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ខណៈដែលប្រជាកសិករបានបិទផ្លូវចូលទៅទីក្រុងប៉ារីស និងទីតាំងសំខាន់ៗជាច្រើនទៀត ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងទីផ្សាររួមអាមេរិកឡាទីនមួយនេះ។

ហ្វូងកសិករមកពីសហជីពសម្របសម្រួលជនបទ (CR) ស្តាំនិយម បានអំពាវនាវឱ្យមានការតវ៉ានៅទីក្រុងប៉ារីស ស្របពេលមានការភ័យខ្លាចថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Mercosur ដែលបានគ្រោងទុកជាមួយប្លុកអាមេរិកខាងត្បូង នឹងនាំឱ្យមានការសម្រុកនាំចូលអាហារតម្លៃថោកពីប្រទេសទាំងនោះទៅក្នុងសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់កសិករក្នុងស្រុក។
ដោយប្ដេជ្ញាការពារប្រជាកសិករបារាំង លោក Macron បាននិយាយលើបណ្តាញសង្គមថា បារាំង នឹងបោះឆ្នោតប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃសុក្រនេះ ទោះបីជាកិច្ចព្រមព្រៀងនេះទទួលបាន «ការប្តេជ្ញាចិត្តសំខាន់ៗ» ពីគណៈកម្មការអឺរ៉ុបរួចហើយក៏ដោយ។
អៀរឡង់ក៏បាននិយាយនៅមុននោះថា ខ្លួនក៏នឹងបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ប៉ុន្តែដោយសារតែគណៈកម្មការអឺរ៉ុប ហាក់ដូចជាទទួលបានការគាំទ្រពីអ៊ីតាលីរួចទៅហើយ ដែលមានន័យថា កិច្ចព្រមព្រៀងនេះទំនងជាត្រូវបានអនុម័តក្នុងអំឡុងពេលបោះឆ្នោតនៅថ្ងៃសុក្រនេះ៕


