ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះថា សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានលាន់លឺពាសពេញពិភពលោក ហើយធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។
ឯកឧត្តម បានរម្លឹកប្រសាន៍ ថ្នាក់ដឹកនាំកម្ពុជាទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លោកទាំងទ្វេមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង។ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីថា គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា គឺជ្រើសរើសយកសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូតដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕