ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍៨មករាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ ប្រសិនបើចាប់ផ្តើមសម្លាប់ក្រុមបាតុករ ដោយសារប្រទេសនោះត្រូវបានរង្គោះរង្គើដោយការតវ៉ាចាប់តាំងពីខែមុនទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាបខ្លាំង។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ Hugh Hewitt Show ថាប្រសិនបើពួកគេចាប់ផ្តើមសម្លាប់មនុស្ស ដូចដែលពួកគេតែងតែធ្វើក្នុងអំឡុងពេលកុបកម្មរបស់ខ្លួន ពួកលោកនឹងវាយប្រហារពួកគេយ៉ាងខ្លាំង។

លោកបានបន្ថែមថា ពួកគេត្រូវបានគេប្រាប់ខ្លាំងៗ ខ្លាំងជាងលោកកំពុងនិយាយជាមួយអ្នកឥឡូវនេះទៅទៀត ។ប្រសិនបើពួកគេធ្វើបែបនោះ ពួកគេនឹងត្រូវទទួលការតបស្នងវិញយ៉ាងចាស់ដៃបំផុត។
ទន្ទឹមនឹងនេះ អនុប្រធានាធិបតី JD Vance បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រក្រុមបាតុករដោយសន្តិវិធីនៅទូទាំងពិភពលោក រួមទាំងនៅអ៊ីរ៉ង់ផងដែរ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថាពួកលោកពិតជាគាំទ្រនរណាម្នាក់ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ដែលកំពុងតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបន្ថែមថារឿងដ៏ឆ្លាតវៃបំផុត សម្រាប់ទីក្រុងតេអេរ៉ង់គឺ ការចរចាពិតប្រាកដ ជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕