រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) ថា អ៊ីរ៉ង់ មិនចង់បានសង្គ្រាមជាមួយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ក្នុងការវាយបកទៅវិញ ប្រសិនបើត្រូវបានវាយប្រហារម្តងទៀត។

ថ្លែងពេលទៅដល់ទីក្រុងបេរូត លោក Araghchi បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដរាបណាការចរចានេះផ្អែកលើការគោរពគ្នាទៅវិញទៅមក ជាជាងការ «បញ្ជា» ដោយទីក្រុងវ៉ាស៊ីនតោន។

ការអត្ថាធិប្បាយរបស់លោក Araghchi បានកើតឡើងនៅពេលមានការភ័យខ្លាចកាន់តែខ្លាំងថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក គឺអ៊ីស្រាអែល នឹងកំណត់គោលដៅលើអ៊ីរ៉ង់ម្តងទៀត ដូចដែលខ្លួនធ្លាប់បានធ្វើក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ក្នុងខែមិថុនា។ នៅពេលនោះ អ៊ីស្រាអែល បានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរមួយចំនួន ហើយសហរដ្ឋអាមេរិក ក៏បានទម្លាក់គ្រាប់បែកលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។
នៅចុងខែធ្នូកន្លងទៅ លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានអ៊ីរ៉ង់ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងបើកការវាយប្រហារយោធាបន្ថែមទៀត ប្រសិនបើប្រទេសនេះព្យាយាមរៀបចំកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅរដ្ឋ Florida៕
