យោងតាមប្រភពចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិភាក្សាពី «ការទូទាត់ប្រាក់សរុប» ទៅឱ្យប្រជាពលរដ្ឋកោះហ្គ្រីនលែន (Greenland) ជាផ្នែកមួយនៃការប៉ុនប៉ងបញ្ចុះបញ្ចូលពួកគេឱ្យផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ហើយអាចទៅចូលរួមជាមួយសហរដ្ឋអាមេរិក។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា តួលេខពិតប្រាកដ និងភស្តុភារនៃការទូទាត់ណាមួយមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិក រួមទាំងជំនួយការសេតវិមាន បានពិភាក្សាពីតួលេខចាប់ពី ១ម៉ឺនដុល្លារ ដល់ ១០ម៉ឺនដុល្លារ ក្នុងមនុស្សម្នាក់។

គំនិតនៃការបង់ប្រាក់ដោយផ្ទាល់ទៅឱ្យអ្នកកោះហ្គ្រីនលែន ដែលជាទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាក បានផ្តល់នូវការបកស្រាយមួយពីមធ្យោបាយដែលអាមេរិក អាចព្យាយាម "ទិញ" ដែនកោះដែលមានប្រជាជនចំនួន ៥៧.០០០នាក់នេះ ទោះបីជាមានការទទូចពីអាជ្ញាធរទាំងនៅដាណឺម៉ាក និងហ្រ្គីនលែនផ្ទាល់ថា ដែនដីនេះមិនមែនសម្រាប់លក់ក៏ដោយ។
យុទ្ធសាស្ត្រនេះគឺស្ថិតក្នុងចំណោមផែនការផ្សេងៗដែលពិភាក្សាដោយសេតវិមាន សម្រាប់ការយកកោះហ្គ្រីនលែន មកគ្រប់គ្រង រួមទាំងលទ្ធភាពនៃការប្រើប្រាស់យោធា។ នៅពេលត្រូវសាកសួរពីការពិភាក្សាទិញកោះនេះ រួមទាំងលទ្ធភាពនៃការទូទាត់ដោយផ្ទាល់ទៅឱ្យប្រជាជនហ្គ្រីនលែន — សេតវិមានបានចង្អុលទៅសុន្ទរកថារបស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាលពីថ្ងៃពុធ។
គួរឱ្យដឹងថា លោកស្រី Leavitt បានទទួលស្គាល់ថា លោក Trump និងជំនួយការសន្តិសុខជាតិរបស់លោកកំពុង «ពិនិត្យមើលលទ្ធភាពនៃការទិញកោះនេះ» ចំណែកលោក Rubio ក៏បាននិយាយថា លោកនឹងជួបសមភាគីដាណឺម៉ាក នៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីកោះនេះ៕

