
ភ្នំពេញ៖ នៅវិមានសន្តិភាពរសៀលថ្ងៃទី៧ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម យូហេ សាសាកាវា (Yohei Sasakawa) បេសកជនពិ សេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon foundation ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ នៅក្នុងជំនួបនេះ ឯកឧត្តម Yohei បានគោរពជម្រាបជូនសម្ដេចតេជោថា៖ ក្នុងដំណើរទស្សនកិច្ចរប ស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង គឺឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្ដេចតេជោ ដែលនាំប្រទេសកម្ពុជាឈានឆ្ពោះមកដល់ការអភិវឌ្ឍន៍ខ្ពស់និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។ ឯកឧត្តមក៏បានសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោដែលបានធ្វើដំណើរទៅកាន់ប្រទេ សមីយ៉ាន់ម៉ាហើយក៏បានមានប្រសាសន៍ថា៖ ជំនួបមួយរយដងគឺមិនស្មើនឹងសកម្មភាពមួយដងទេ។នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វារដែលបានចាក់សោជាប់រួចទៅហើយជាសកម្មភាពមួយដែលធ្វើឡើងដោយអស់ពីចិត្តពីបេះដូងហើយក៏ជាសកម្មភាពដែលទទួលនូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផងទៅដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីអង្គការ អ៊ិចស៊ីដ របស់ឯកឧត្តមដែលមានវត្តមាននៅកម្ពុជាជាយូរណាស់មកហើយ ក្នុងការបង្រៀនសិស្សឲ្យរៀនធ្វើអវយវៈសិប្បនិម្មិត ហើយក្នុងពេលនេះឯកឧត្ត មក៏បានសូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីអនុញ្ញាតឱ្យសិស្សមីយ៉ាន់ម៉ាបានសិក្សាពីកម្ពុជាអំពីការធ្វើអវយវៈសិប្បនិម្មិតនេះ។
ជាការឆ្លើយតបសម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូហេ ចំពោះពាក្យពេចន៍ដ៏ល្អ របស់ឯកឧត្តមហើយសម្ដេចតេជោក៏បានមានប្រសាសន៍ថា៖យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ានិងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជាទីបំផុតហើយទិសដៅដែលសំខាន់ជាងនេះទៀត នោះគឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្ដេ ចនឹងប្រឹងប្រែងបន្តកិច្ចការងារនេះ ហើយសម្ដេចក៏បានស្នើឯកឧត្តម យូហេ បន្តធ្វើការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។ ពា ក់ព័ន្ធនឹងការស្នើសុំឲ្យសិស្សមីយ៉ាន់ម៉ាមកសិក្សាបច្ចេកទេសធ្វើអវៈយវៈសិប្បនិមិត្តនៅកម្ពុជា សម្ដេចបានស្វាគមន៍និងមានប្រសាសន៍ថា នេះជាកិត្តិយសណាស់សម្រាប់កម្ពុជា៕អត្ថបទ៖ មុត សុទ្ធ




