ខណៈពេលដែលពិភពលោក កំពុងគិតគូរយ៉ាងល្អិតល្អន់ពីផលវិបាកនៃការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡាដោយសហរដ្ឋអាមេរិក ប្រទេសចិនបានបង្កើនសាររបស់ខ្លួន ដោយពោលសរសើរពីគំរូអភិបាលកិច្ចរបស់ខ្លួនថា ជាជម្រើសដ៏ល្អជាងមូលធននិយមលោកខាងលិច និងតំណាងឲ្យមាគ៌ាថ្មីមួយ ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍន៍ អនុវត្តតាម។
ដោយបានសរសេរកាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) នៅលើទំព័រសារព័ត៌មាន People’s Daily ប្រធាននាយកដ្ឋានអន្តរជាតិរបស់គណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច បានបង្ហាញពីហេតុផលថា ហេតុអ្វីបានជាមាគ៌ាអភិវឌ្ឍន៍ និងប្រព័ន្ធនយោបាយរបស់ប្រទេសចិនផ្តល់ចម្លើយថ្មី សម្រាប់ពិភពលោក។
លោក Liu Haixing ដែលដឹកនាំទីភ្នាក់ងារទទួលបន្ទុកទំនាក់ទំនងដល់ភាគីនយោបាយបរទេស បានលើកឡើងពី «វិបត្តិជាប្រព័ន្ធកើតឡើងញឹកញាប់ នៅក្នុងគោលនយោបាយមូលធននិយម» ដោយអះអាងថថា ភាពជោគជ័យនៃគំរូរបស់ប្រទេសចិន បានលើកកម្ពស់ឥទ្ធិពល និងភាពទាក់ទាញនៃនយោបាយសង្គមនិយម។

លោកបានសរសេរថា «ដំណើរការវិវត្តន៍ជាប្រវត្តិសាស្ត្រ និងការប្រកួតប្រជែង រវាងមនោគមវិជ្ជា និងប្រព័ន្ធសង្គមទាំង២ គឺសង្គមនិយម និងមូលធននិយម កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ តាមរយៈមាត្រដ្ឋានសកល ដែលពេញចិត្តកាន់តែខ្លាំងឡើងៗ ចំពោះសង្គមនិយម»។
លោកបានរាយបញ្ជីគុណសម្បត្តិនៃប្រព័ន្ធចិន ធៀបនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិច រាប់ចាប់ពីភាពជាអ្នកដឹកនាំគណបក្សដ៏រឹងមាំ និងវិន័យ រហូតដល់ផែនការសេដ្ឋកិច្ចរយៈពេលវែង។ ប្រទេសចិនគ្រោងនឹងបង្ហាញផែនការ ៥ឆ្នាំលើកទី១៥ របស់ខ្លួននៅក្នុងកិច្ចប្រជុំនយោបាយប្រចាំឆ្នាំ ក្នុងខែមីនាខាងមុខ។ ដោយមិនបាននិយាយដោយចំៗអំពីសហរដ្ឋអាមេរិក លោក Liu បានចេញការវាយប្រហារដោយប្រយោលទៅកាន់មហាអំណាចលេចធ្លោរបស់ពិភពលោក និងបានបង្ហាញថា ប្រទេសចិនជាពន្លឺនៃស្ថិរភាព សម្រាប់ពិភពលោក។
សារនេះកើតមានឡើងស្របនឹងការឆ្លើយតបរបស់ទីក្រុងប៉េកាំង បន្ទាប់ពីមានការចាប់ខ្លួនអតីតមេដឹកនាំវ៉េណេស៊ុយអេឡាដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump៕
