សារព័ត៌មាន Politico ដោយដកស្រង់ប្រភពថា សម្ព័ន្ធយោធាអាត្លង់ទិកខាងជើង បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូតពីរដំណាក់កាល ដែលផ្តោតលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ងទប់ស្កាត់ការឈ្លានពានយោធាអាមេរិក ដែលអាចកើតមានចូលទៅក្នុងដែនដីហ្គ្រីនឡែន(Greenland)។

យោងតាមរបាយការណ៍បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតណាតូបានស្នើឲ្យបង្កើនការចំណាយលើការការពារជាតិនៅតំបន់អាកទិក ដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍បន្ថែម និងបង្កើនសមយុទ្ធយោធា ដើម្បីបង្ហាញលោក ត្រាំ ថាតំបន់នេះមានសុវត្ថិភាពគ្រប់គ្រាន់។ មានការកត់សម្គាល់ថា ក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារមួយនៅទីក្រុងប្រ៊ុចសែល ឯកអគ្គរដ្ឋទូតណាតូបានសន្និដ្ឋានថា ត្រូវតែស្វែងរកការសម្របសម្រួលជាមួយនឹងជំហររបស់លោក ត្រាំ ទៅលើអនាគតរបស់ដែនដីហ្គ្រីនឡែន។
នាពេលមុននេះ Politico បានរាយការណ៍ថា ចំពេលមានការឡើងរឹងនៃវោហាសាស្ត្ររបស់លោក ត្រាំ អំពីការបង្កើតការគ្រប់គ្រងលើដែនដីហ្គ្រីនឡែន សំឡេងនៅក្នុងសហភាពអឺរ៉ុប កំពុងអំពាវនាវឲ្យមានការត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយប្រមុខរដ្ឋបាលអាមេរិក។ កាសែតនេះ បានកត់សម្គាល់ថា ខណៈពេលដែលរដ្ឋាភិបាលអឺរ៉ុបពីមុន មិនបានយល់ពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងរបស់លោក ត្រាំ ឥឡូវនេះពួកគេយល់ច្បាស់ហើយ៕

