នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយទៅកាន់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) អំពីស្ថានភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយប្រទេសទាំង២ បានបញ្ជាក់ពីការគាំទ្រ ចំពោះ «ដំណើរការផ្លាស់ប្តូរ ប្រកបដោយសន្តិវិធី មានការចរចា និងដឹកនាំដោយវ៉េណេស៊ុយអេឡា»។
គួរបញ្ជាក់ថា យោធាអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក ពីប្រទេសវេណេស៊ុយអេឡា អំឡុងការវាយឆ្មក់កាលពីចុងសប្តាហ៍កន្លងទៅ ហើយបាននាំអ្នកទាំង២ ទៅកាន់ទីក្រុង New York។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីការពិភាក្សារបស់លោក Carney ជាមួយលោក Lula ការិយាល័យរបស់លោក បានឲ្យដឹងថា៖ «មេដឹកនាំទាំង២ បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃអធិបតេយ្យភាព»។

នាយករដ្ឋមន្ត្រីកាណាដា បានបន្ថែមថា៖ «រូបលោក និងមេដឹកនាំប្រេស៊ីល បានបញ្ជាក់ពីការគាំទ្ររបស់ពួកលោក ចំពោះដំណើរការផ្លាស់ប្តូរ ប្រកបដោយសន្តិវិធី មានការចរចា និងដឹកនាំដោយប្រទេសវ៉េណេស៊ុយអេឡា ដែលគោរពឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនវ៉េណេស៊ុយអេឡា»។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងថា អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅប្រទេសវ៉េណេស៊ុយអេឡា គឺជាការរំលោភលើច្បាប់អន្តរជាតិដែលធ្វើឲ្យពិភពលោកមានសុវត្ថិភាពកាន់តែតិចទៅៗ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សារព័ត៌មាន The New York Times ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមករាថា សហរដ្ឋអាមេរិកអាចត្រួតពិនិត្យលើវ៉េណេស៊ុយអេឡា និងគ្រប់គ្រងប្រាក់ចំណូលបានពីប្រេងរបស់ប្រទេសនេះរយៈពេលជាច្រើនឆ្នាំ៕


