ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកអ្នកនៅរស់រានមានជីវិត នៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) បន្ទាប់ពីការរលំបាក់គំនរសំរាម នៅទីកន្លែងចាក់សំរាម នាភាគកណ្តាលប្រទេសហ្វីលីពីន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់សា្លប់ និង ៣៨នាក់បាត់ខ្លួន។
កម្មករអនាម័យរាប់សិបនាក់ ត្រូវបានកប់នៅក្នុងនោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលគំនរសំរាមដ៏ខ្ពស់ បានរលំបាក់សង្កត់លើពួកគេ នៅទីលាន Binaliw Landfill ដែលជាទីកន្លែងចាក់សំរាមគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់ នៅ Cebu ជាទីក្រុងដែលមានប្រជាជនប្រហែល ១លាននាក់ និងជាគោលដៅឈប់សម្រាកវិស្សមកាលដ៏ពេញនិយម។

យ៉ាងហោចណាស់មានបុគ្គលិក ១២នាក់ ត្រូវបានទាញចេញពីគំនរសំរាមនោះ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អភិបាលក្រុង លោក Nestor Archival។
លោកអភិបាលក្រុងរូបនេះ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បាន «ចូលរួមយ៉ាងពេញលេញ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងទាញយក ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួនផ្សេងទៀត»។
សមាជិកបុគ្គលិកស៊ីវិលនៃនាយកដ្ឋាននគរបាល នៅ Consolacion ជាទីក្រុងមួយដែលមានព្រំប្រទល់រួមគ្នាជាមួយទីកន្លែងចាក់សំរាមនេះ គឺលោកស្រី Marge Parcotello បាននិយាយថា៖ «យើងមិនដឹងថា អ្វីជាមូលហេតុនៃបាក់រលំនេះនោះទេ។ វាមិនមានភ្លៀងធ្លាក់ទាល់តែសោះ»។ លោកស្រីបានបន្ថែមថា៖ «ជនរងគ្រោះជាច្រើនមកពីទីក្រុង Consolacion»៕
