ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ពីបទបាញ់ប្រហារលើក្រុមបាតុករ ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើង កាលពីថ្ងៃព្រហស្បតិ៍ ពីការបង្ក្រាបលើការតវ៉ាទាមទារឲ្យមានការផ្លាស់ប្តូរទាក់ទងនឹងការលំបាកផ្នែកសេដ្ឋកិច្ច ហើយក្រុមឃ្លាំមើលមួយ បានរាយការណ៍ពីការដាច់អ៊ីនធឺណិតនៅ ទូទាំងសាធារណរដ្ឋឥស្លាមនេះ។
ការតវ៉ារយៈពេល ១២ថ្ងៃ បានធ្វើឲ្យអាជ្ញាធរសាសនាក្រោមការដឹកនាំរបស់លោក Ayatollah Ali Khamenei កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ បន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ និងកំពុងងើបឡើងវិញពីសង្គ្រាមខែមិថុនាប្រឆាំងនឹងអ៊ីស្រាអែល។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើអាជ្ញាធររបស់ខ្លួន «ចាប់ផ្តើមសម្លាប់មនុស្ស» ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹង «វាយប្រហារពួកគេយ៉ាងខ្លាំងក្លា»។
ចលនាតវ៉ានេះ ដែលមានប្រភពមកពីការបិទផ្សារតេអេរ៉ង់កាលពីថ្ងៃទី ២៨ ខែធ្នូ បន្ទាប់ពីប្រាក់រៀល(Rial)បានធ្លាក់ចុះដល់កម្រិតទាបបំផុត បានរីករាលដាលទូទាំងប្រទេស ហើយឥឡូវនេះ កំពុងត្រូវបានធ្វើឡើងដោយបាតុកម្មទ្រង់ទ្រាយធំ៕
