សារព័ត៌មាន The Financial Times បានរាយការណ៍ ដោយដកស្រង់ការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារស្រាជ្រាវ Verianថា ប្រជាជនហ្គ្រីនឡែនភាគច្រើនលើសលប់ មិនចង់ក្លាយជាពលរដ្ឋអាមេរិកទេ។
យោងតាមការស្ទង់មតិ ៨៥% នៃប្រជាជនហ្គ្រីនឡែន មិនចង់ក្លាយជាជនជាតិអាមេរិកទេ ព្រោះពួកគេជឿថា ស្តង់ដានៃការរស់នៅនៅក្នុងប្រទេសដាណឺម៉ាក គឺខ្ពស់ជាង។ ជាពិសេស ប្រជាជននៅលើកោះនេះ មានការព្រួយបារម្ភអំពីឧក្រិដ្ឋកម្ម និងសេវាវេជ្ជសាស្រ្តថ្លៃៗ នៅសហរដ្ឋអាមេរិក។

អត្ថបទនេះ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកអាចផ្តល់ជូនប្រជាជនហ្គ្រីនឡែនម្នាក់ៗនៃចំនួន ៥៧.000នាក់ នូវលិខិតឆ្លងដែនអាមេរិក និងប្រាក់មួយលានដុល្លារ ប្រសិនបើពួកគេស្ម័គ្រចិត្តជ្រើសរើសក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ លើសពីនេះ កាសែតនេះ ជឿជាក់ថា មហាសេដ្ឋី Elon Musk អាចផ្តល់ឲ្យប្រជាជនហ្គ្រីនលែនម្នាក់ៗនូវរថយន្តTesla ចំនួនមួយគ្រឿង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ដែនដីហ្គ្រីនឡែន គួរតែចូលរួមជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ក្នុងខែឧសភា ឆ្នាំ ២០២៥ លោកមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហានេះទេ។ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៦ សេតវិមានបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលផ្តល់ជូនទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«ជាការពិតណាស់ ការប្រើប្រាស់យោធាអាមេរិកតែងតែជាជម្រើសមួយនៅក្នុងការចាត់ចែងរបស់អគ្គមេបញ្ជាការ» ពោលគឺលោក ត្រាំ។ នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា លោក ត្រាំ កំពុងពិភាក្សាយ៉ាងសកម្មអំពីលទ្ធភាពនៃការទិញកោះហ្គ្រីនឡែន ជាមួយអ្នកក្រោមបង្គាប់របស់លោក៕
