ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងមូស្គូ លោក Kazem Jalali បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ក្នុងវិស័យយោធា កំពុងពង្រីក ប៉ុន្តែព័ត៌មានលម្អិតមិនត្រូវបានបង្ហាញទេ។
អ្នកការទូតរូបនេះ បាននិយាយថា៖«ទំនាក់ទំនងក្នុងវិស័យយោធា និងសន្តិសុខ ក៏កំពុងពង្រីកផងដែរ ប៉ុន្តែវាមិនសមរម្យក្នុងការពិភាក្សាអំពីព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការបែបនេះទេ»។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចរចាជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក Abbas Araghchi ថា ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ កំពុងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ស្របតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ ហើយមិនរំលោភលើច្បាប់អន្តរជាតិជា សកលណាមួយឡើយ។

នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ បន្ទាប់ពីកិច្ចចរចានៅវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ។ បទប្បញ្ញត្តិជាច្រើននៃឯកសារនេះទាក់ទងនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធា។ ដូច្នេះ ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ បានបញ្ជាក់នៅក្នុងឯកសារនេះថា៖«ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ដោយផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយគិតគូរពីផលប្រយោជន៍ទៅវិញទៅមក និងកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ហើយចាត់ទុកកិច្ចសហប្រតិបត្តិការបែបនេះ ជាសមាសធាតុសំខាន់មួយនៃការរក្សាសន្តិសុខក្នុងតំបន់ និងសកលលោក»៕
