នៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ រុស្ស៊ីបានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចដោះលែងសមាជិករុស្ស៊ី ២នាក់ ក្នុងចំណោមនាវិកនៃនាវាដឹកប្រេងមានទង់ជាតិរុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន បានរឹបអូស នាដើមសប្តាហ៍នេះ។
អាជ្ញាធរអាមេរិក បានប្រាប់ថា នាវានេះ គឺជាផ្នែកមួយនៃកងនាវាស្រមោលដែលដឹកប្រេងឲ្យប្រទេសនានា ដូចជាវ៉េណេស៊ុយអេឡា រុស្ស៊ី និងអ៊ីរ៉ង់ជាដើម ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបានរឹបអូសវានៅមហាសមុទ្រអាត្លង់ទិកខាងជើង ទោះបីជាវាត្រូវបានអមដំណើរដោយកងទ័ពជើងទឹករុស្ស៊ីក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បីឆ្លើយតបទៅនឹងសំណើរបស់យើង ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចដោះលែងពលរដ្ឋរុស្ស៊ី ២នាក់ នៅលើនាវាដឹកប្រេង Marinera ដែលនៅមុននេះត្រូវបានសហរដ្ឋអាមេរិកឃុំខ្លួន ក្នុងអំឡុងពេលមានប្រតិបត្តិការ នៅមហាសមុទ្រអាត្លង់ទិកខាងជើង»។ លោកស្រីបានបន្ថែមថា៖ «យើងស្វាគមន៍ការសម្រេចនេះ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាមេរិក»។
ចំណែកប្រេសិតរុស្ស៊ី លោក Kirill Dmitriev បានបញ្ជាក់នៅលើកម្មវិធីផ្ញើសារ Telegram ថា លោក Trump បានសម្រេចដោះលែង «ជនជាតិរុស្ស៊ីទាំងអស់» នៅលើនាវាដឹកប្រេង Marinera។
គួរដឹងថា សហរដ្ឋអាមេរិក បានឲ្យដឹងនៅមុននេះថា នាវិករបស់នាវា Marinera អាចត្រូវបាននាំយកទៅកាត់ទោស ជាចំណាត់ដែលរុស្ស៊ីបានបញ្ជាក់ថា «មិនអាចទទួលយកបានឡើយ»៕
