ក្រុមជួយសង្រ្គោះបន្ទាន់នៅប្រទេសអាល់បានី បានបញ្ជូនទូកជាច្រើនគ្រឿងឲ្យទៅសង្រ្គោះជនរងគ្រោះក្នុងទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកទន្លេ Viosa ផ្ទុះច្រាំង ។
នៅភូមិ Ferras ស្ថិតនៅភាគខាងជើងទីក្រុង Vlore ក្រុមជួយសង្រ្គោះបានជួយអ្នកស្រី Hena Mucaj និងសត្វសុនខរបស់គាត់ ។
ពេលដែលក្រុមជួយសង្រ្គោះ និងមន្រ្តីយោធាជួយគាត់ឡើងលើគោក អ្នកស្រី Mucaj និយាយថា ទឹកទន្លេបានឡើងដល់ផ្ទះរបស់ពួកយើង វាមិនធ្លាប់ដែលឡើងដល់ផ្ទះរបស់ពួកយើងបែបហ្នឹងនោះទេ កាលពីមុនមក ។

ក្រុមមន្រ្តីការពារជាតិនិយាយថា ទឹកទន្លេបានឡើងកម្ពស់ជាង ៩ម៉ែត្រ ធ្វើឲ្យវាជោជន់លិចកសិដ្ឋានទាបៗ និងភូមិដ្ឋានប្រជាពលរដ្ឋគ្មានសេសសល់ ។
ក្រសួងមហាផ្ទៃអាល់បានី និយាយថា នៅតំបន់ភាគខាងជើងអាល់បានី បុរសវ័យ ៥៥ឆ្នាំម្នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃអង្គារ ត្រូវបានប្រទះឃើញស្លាប់ ក្នុងព្រែកនៅទីក្រុង Durres ក្រោយពីត្រូវទឹកហូរនាំយកទៅ ។
សូមបញ្ជាក់ថា បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច មើលឃើញការអាក់ខានដោយសារព្រិលធ្លាក់ និងអាកាសធាតុរដូវរងាផ្សេងទៀត ចាប់តាំងពីថ្ងៃអាទិត្យរហូតមក ក្នុងនោះ ផ្លូវត្រូវបានបិទ ផ្លូវរថភ្លើង ការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកស្អាត រងផលប៉ះពាល់ ៕
