លីបង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ដំណាក់កាលដំបូងនៃផែនការរបស់ខ្លួន ក្នុងការរំសាយអាវុធក្រុមហេសបូឡា ហើយនិងក្រុមជីវពលផ្សេងទៀត នៅតំបន់ភាគខាងត្បូងប្រទេស ប៉ុន្តែអ៊ីស្រាអែលនិយាយថា វឌ្ឍនភាពនៅមិនទាន់គ្រប់គ្រាន់នោះទេ ស្របពេលក្តីកង្វល់ថ្មីថា ជម្លោះអាចនឹងកើនឡើងម្តងទៀត ។
កងទ័ពលីបង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នពួកគេមាននូវការគ្រប់គ្រងប្រតិបត្តិការទឹកដីនៅភាគខាងត្បូងទន្លេ Litani លើកលែងតែទីតាំងយោធាអ៊ីស្រាអែលចំនួន ៥នៅក្នុងប្រទេសលីបង់ប៉ុណ្ណោះ ។

កងទ័ពឈប់និយាយភ្លាមៗថា ពួកគេបានរំសាយអាវុធទាំងស្រុងរបស់ក្រុមហេសបូឡា និងក្រុមផ្សេងទៀតនៅភាគខាងត្បូងទន្លេ Litani ដោយពួកគេទទួលស្គាល់ថា ការងារនៅផ្នែកខ្លះ កំពុងបន្ត ខណៈបង្ហាញពីការត្រៀមខ្លួនក្នុងការបន្តទៅដំណាក់កាលបន្ទាប់នៃផែនការរដ្ឋាភិបាលលីបង់ ដែលជាផែនការ “ខែលការពារមាតុភូមិ” ។
សេចក្តីថ្លែងការណ៍នោះបន្តថា កងទ័ពលីបង់ បញ្ជាក់ថា ផែនការរបស់ខ្លួនក្នុងការបង្ខាំងអាវុធបានឈានដល់ដំណាក់កាលទៅមុខ ក្រោយសម្រេចបានគោលដៅនៃដំណាក់កាលដំបូង ដោយប្រសិទ្ធិភាព និងជាក់ស្តែងនៅនឹងកន្លែង ។
កងទ័ពបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលលីបង់ ក្នុងការទទួលទំនួលខុសត្រូវទាំងស្រុង ជាមួយនឹងទីភ្នាក់ងារសន្តិសុខផ្សេងទៀត ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅលីបង់ ជាពិសេសនៅតំបន់ភាគខាងត្បូងទន្លេ Litani ។
ទន្លេមួយនេះជាខ្សែបន្ទាត់ដែលអង្គការសហប្រជាជាតិ(UN)បានកំណត់នៅភាគខាងត្បូងលីបង់ ដែលក្រុមហេសបូឡា ត្រូវបានហាមប្រាមពីប្រតិបត្តិការក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ៕
