វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Halle (IWH) កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) បានចេញរបាយការណ៍ថា ការដាក់ពាក្យក្ស័យធនរបស់ក្រុមហ៊ុន នៅក្នុងប្រទេសអាល្លឺម៉ង់ បានឡើងដល់ ១៧.៦០៥ករណី កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៥ ដោយបានធ្វើឲ្យប៉ះពាល់ដល់ការងារប្រហែល ១៧០.០០០កន្លែង។
របាយការណ៍របស់ IWH នេះ បានបង្ហាញថា ការដាក់ពាក្យក្ស័យធនដោយក្រុមហ៊ុន និងភាពជាដៃគូ នៅអាល្លឺម៉ង់ បានកើនឡើង ១៧ភាគរយ ក្នុងខែធ្នូឆ្នាំមុន បើប្រៀបធៀបទៅនឹងខែដូចគ្នា ក្នុងឆ្នាំ២០២៤ ដោយឡើងដល់ ១.៥១៩ករណី។

របាយការណ៍នេះបានកត់សម្គាល់ថា ចំនួននៃការក្ស័យធន ក្នុងខែធ្នូនោះ គឺខ្ពស់ជាង ៧៥ភាគរយនៃមធ្យមភាគ សម្រាប់ខែធ្នូ ក្នុងឆ្នាំ២០១៦-២០១៩ (មុនពេលមានជំងឺរាតត្បាត)។ សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថាននេះ បានគូសបញ្ជាក់ថា សូម្បីតែក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩ ក៏តួលេខ គឺទាបជាងប្រហែល ៥ភាគរយដែរ។
សេដ្ឋកិច្ចអាល្លឺម៉ង់នៅតែស្ថិតក្នុងស្ថានភាពផុយស្រួយដដែល ដោយសារតែភាពទន់ខ្សោយជាប់លាប់ ក្នុងវិស័យផលិតកម្ម ដែលដើរតួនាទីធំជាងប្រទេសដទៃទៀតនៅក្នុងតំបន់។ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ០,២ភាគរយ ក្នុងត្រីមាសទី២ បន្ទាប់ពីកើនឡើង ០,៣ភាគរយ នៅត្រីមាសទី១។
សេដ្ឋកិច្ចរបស់ប្រទេសនេះបានគេចផុតយ៉ាងប្រផុតប្រផើយពីការធ្លាក់ចូលទៅក្នុងឱនភាព នៅក្នុងត្រីមាសទី៣ នៃឆ្នាំនោះ ដោយតួលេខកំណើនត្រូវបានរាយការណ៍ថា គឺសូន្យភាគរយ។ ការចំណាយលើថាមពលខ្ពស់ ការបញ្ជាទិញសកលខ្សោយ និងអត្រាពន្ធខ្ពស់របស់សហរដ្ឋអាមេរិក កំពុងប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ៕


