នៅក្នុងចំណាត់ការដ៏កម្រមួយ អង្គការណាសា បានកាត់បន្ថយបេសកកម្មនៅស្ថានីយអវកាសអន្តរជាតិ(ISS) ក្រោយអវកាសយានិកម្នាក់ មានបញ្ហាសុខភាព ។
ទីភ្នាក់អវកាសនេះ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អវកាសយានិកសហរដ្ឋអាមេរិក ជប៉ុន និងរុស្ស៊ី ចំនួន ៤នាក់ នឹងវិលត្រឡប់មកកាន់ផែនដីវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺមុនផែនការកំណត់ ។
អង្គការណាសា បានលុបចោលការដើរលើទីអវកាសលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះផងដែរ ដោយសារបញ្ហាសុខភាព ។ ទីភ្នាក់ងារនេះ ពុំបានកំណត់អត្តសញ្ញាណអវកាសរូបណា ឬបញ្ហាសុខភាពអ្វីនោះទេ ដោយលើកឡើងពីភាពឯកជនរបស់អ្នកជំងឺ ។ សមាជិកអវកាសរូបនោះ ស្ថិតក្នុងស្ថានភាពសុខភាពឋិតថេរទេ ។

លោកវេជ្ជបណ្ឌិត James Polk ដែលជាមន្រ្តីសុខភាពរបស់អង្គការណាសថា និយាយថា ក្រុមមន្រ្តីអង្គការណាសា បានធ្វើការសង្កត់ធ្ងន់ថា វាពុំស្ថិតក្នុងគ្រាអាសន្ននៅលើស្ថានីយអវកាសអន្តរជាតិនោះឡើយ ប៉ុន្តែវាជាការប្រុងប្រយ័ត្នទុកជាមុន សម្រាប់សមាជិកអវកាសយានិក ។
លោក Polk និយាយថា នេះគឺជារជម្លៀសផ្នែកវេជ្ជសាស្រ្តលើកដំបូងរបស់អង្គការណាសា ចេញពីស្ថានីយអវកាសអន្តរជាតិ បើទោះបីជាក្រុមអាកាសយានិកត្រូវបានព្យាបាលនៅលើស្ថានីយ ពេលឈឺធ្មេញ និងឈឺត្រចៀកក៏ដោយ ។
ក្រុមអវកាសយានិកទាំង ៤រូបដែលនឹងវិលត្រឡប់មកផ្ទះវិញនេះ បានទៅដល់គន្លងតារាវិថីតាមរយៈក្រុមហ៊ុន SpaceX កាលពីខែសីហា សម្រាប់ការស្នាក់នៅលើទីអវកាសរយៈពេល ៦ខែ ។ ក្រុមអវកាសយានិកទាំងនេះ រួមទាំង អវកាសយានិក Zena Cardman និង Mike Fincke របស់អង្គការណាសា ជាមួយអវកាសយានិកជប៉ុន Kimiya Yui និងអវកាសយានិករុស្ស៊ី Oleg Platonov ៕
