នៅថ្ងៃអាទិត្យខាងមុខនេះ ជប៉ុននឹងចាប់ផ្តើមអ្វីដែលពួកគេនិយាយថា គឹជាការប៉ុនប៉ងលើកដំបូងរបស់ពិភពលោក ដើម្បីនំាយករ៉ែកម្រិតក្រោមបាតសមុទ្រជ្រៅ ស្ថិតក្នុងជម្រៅ ៦ពាន់ម៉ែត្រ ដែលខ្ពស់ជាងកម្ពស់ភ្នំ Fuji ជាការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ។
ទូកខួងវិទ្យាសាស្រ្តសមុទ្រជ្រៅ Chikyu របស់ជប៉ុន នឹងធ្វើដំណើរទៅកាន់កោះដាច់ស្រយាល Minami Torishima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលទឹកនៅជុំវិញ ត្រូវបានគេមានជំនឿថា មានរ៉ែកម្រដ៏មានតម្លៃ ។

ដំណើរធ្វើតេស្តនេះ កើតមានឡើង ពេលចិនដែលជាប្រទេសផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ពិភពលោក បង្កើនសម្ពាធលើប្រទេសជិតខាងខ្លួនមួយនេះ ក្រោយលោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi លើកឡើងកាលពីខែវិច្ឆិកាថា ទីក្រុងតូក្យូ អាចនឹងប្រតិកម្មផ្នែកយោធាចំពោះការវាយប្រហារលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងសន្យាប្រើកម្លាំង ដើម្បីដណ្តើមគ្រប់គ្រង បើសិនជាចាំបាច់ ។
រ៉ែកម្រដែលជាលោហៈធាតុ ១៧ប្រភេទពិបាកយកចេញពីសំបកផែនដីនោះ ត្រូវបានប្រើប្រាស់សម្រាប់អ្វីៗជាច្រើន ចាប់ពីរថយន្តអគ្គិសនី រហូតដល់ Hard Drive ទួរប៊ីនខ្យល់ និងមីស៊ីល ។
ទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ-ផែនដីជប៉ុន(JAMSTEC) និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែមុនថា បេសកកម្មរបស់ទូក Chikyu គឺជាជំហានដំបូងឆ្ពោះទៅរកឧស្សាហូបនីយកម្មរ៉ែកម្រប្រទេសរបស់ពួកយើង ។
តំបន់ជុំវិញកោះ Minami Torishima ដែលជាដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ត្រូវបានគេប៉ាន់ប្រមាណថា មានរ៉ែកម្រទម្ងន់ជាង ១៦លានតោន ដែលផ្សារភាគហ៊ុន Nikkei និយាយថា វាគឺជារ៉ែកម្របម្រុងធំបំផុតទី ៣របស់ពិភពលោក ៕
