រដ្ឋមន្រ្តីការបរទេសកូឡុំប៊ីលោកស្រី Rosa Villavicencio និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កាតា អារ៉ាប៊ីសាអ៊ូឌីត វិមានវ៉ាទីកង់ និងអន្តរការីអឺរ៉ុប បានជួយបង្កើតការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលបានបន្ធូរបន្ថយភាពតានតឹងកើនឡើងរវាងទីក្រុង Bogota និងទីក្រុងវ៉ាស៊ីនតោន ។
លោកស្រី Villavicencio និយាយថា ការជជែកគ្នាតាមទូរស័ព្ទនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ហើយមេដឹកនាំទាំង ២ យល់ព្រមជួបគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាលើការខ្វែងគំនិតគ្នារបស់ពួកគេ ហើយលោកស្រីបានចាត់ទុកកិច្ចសន្ទនាថ្មីនេះ ថាជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតទំនាក់ទំនងទ្វេភាគីគោរពគ្នាកាន់តែច្បាស់លាស់ជាងមុន ។
គួរឲ្យដឹងថា ជម្លោះការទូតបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន ក្រោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា ដែលបានបញ្ចប់ទៅជាមួយនឹងការផ្តួលរំលំរបប និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ។
លោក Trump និយាយកាលពីថ្ងៃអាទិត្យថា លោកអាចចុះប្រតិបត្តិការយោធាស្រដៀងគ្នានៅកូឡុំប៊ី ធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីលោក Petro ។
លោកស្រី Villavicencio និយាយថា បណ្តាប្រទេសអារ៉ប់ បានដើរតួយ៉ាងសំខាន់ ដោយស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះសំណើរបស់កូឡុំប៊ី និងអនុវត្តតាមការប្តេជ្ញាចិត្ត ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា ប្រទេសអឺរ៉ុបណាខ្លះ បានជាប់ពាក់ព័ន្ធនោះទេ ។
លោក Petro និងលោក Trumpមាននូវទំនាក់ទំនងជាប់គាំងកាលពីឆ្នាំកន្លងទៅ ។ លោក Petro បានថ្កោលទោសអ្វីដែលលោកចាត់ទុកថា ជាអន្តរាគមនិយមរបស់សហរដ្ឋអាមេរិក រួមទាំងការវាយប្រហាររាប់សិបលើកលើទូកដែលរងការចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀនខុសច្បាប់ នៅសមុទ្រការ៉ាអ៊ីប និមហាសមុទ្រប៉ាស៊ីហ្វិកដែលលោកនិយាយថា បណ្តាលឲ្យមនុស្សយ៉ាងហោច ១១០នាក់ស្លាប់ ៕