គុនចម្រុះ៖ ទីបំផុតអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវបានផ្គូផ្គងឲ្យជួបអ្នកលេងគុនចម្រុះឥណ្ឌូនេស៊ី Eko Roni Saputra ដោយត្រូវប្រកួតលើសង្វៀនកម្រិតពិភពលោក ONE Championship នាល្ងាចថ្ងៃទី១១ ខែមីនាចុងសប្ដាហ៍នេះនៅប្រទេសសិង្ហបុរី។
Eko Roni បានប្រកាសចង់ជួបជើងខ្លាំងកម្ពុជា ចាន់ រតនា ជាង ១ឆ្នាំមកហើយក្នុងគោលបំណងចង់សាកថ្វីដៃផង និងសងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួន ២រូបចាញ់ក្រោមកណ្ដាប់ដៃអ្នកលេងគុនខ្មែរូបនេះផង។ ដូច្នេះនេះគឺជាជំនួបដ៏សំខាន់សម្រាប់អ្នកទាំងពីរ។ គួរដឹងថា ក្នុងចំណោមជ័យជម្នះ ៦លើកលើសង្វៀន ONE ចាន់ រតនា ធ្លាប់បានយកឈ្នះកីឡាករឥណ្ឌូនេស៊ី ២រូបដោយកាលពីឆ្នាំ២០១៨ រូបគេបានផ្ដួលជើងខ្លាំង Abro Fernandes ត្រឹមទឹកទី២ មុនបន្ដផ្ដួលកីឡាករឥណ្ឌូនេស៊ីម្នាក់ទៀតគឺកីឡាករ Rudy Agustian ត្រឹមទឹកទី២ ដូចគ្នាកាលពីឆ្នាំ២០១៩។ ហេតុនេះហើយទើប Eko Roni ប៉ងចង់ជួប ចាន់ រតនា ក្នុងគោលបំណងចង់បំបែកកំណត់ត្រា ទី១-ចង់សងសឹកឲ្យកីឡាករមិត្តរួមជាតិ និងទី២-ចង់ប្រាកដថារូបគេជាកីឡាករឥណ្ឌូនេស៊ីដំបូង ដែលអាចដណ្ដើមជ័យជម្នះលើកីឡាករជើងខ្លាំងកម្ពុជារូបនេះ ដ្បិតកន្លងមកមិនទាន់មានកីឡាករឥណ្ឌូនេស៊ីរូបណាអាចយកឈ្នះ ចាន់ រតនា បានឡើយ។
សូមបញ្ជាក់ថា មុនជួប ចាន់ រតនា កីឡាករឥណ្ឌូនេស៊ី Eko Roni ធ្លាប់បានឡើងប្រកួតលើសង្វៀន ONE ៦លើកឈ្នះ ៥លើក ខណៈប្រកួតចុងក្រោយយកឈ្នះកីឡាករចិន Pengshuai Liu ត្រឹមទឹកទី១។ រីឯ ចាន់ រតនា ក្រោយភ្លាត់ចាញ់ជើងខ្លាំងចិន Xie Wei កាលចុងឆ្នាំ២០២០ រូបគេបានខកខានឡើងសង្វៀនលំដាប់ពិភពលោកនេះ។ បច្ចុប្បន្ន ចាន់ រតនា បានត្រឡប់មកកម្ពុជាវិញហើយ ក្រោយទៅលេងប្រពន្ធកូននៅប្រទេសបារាំងមួយរយៈពេលធំ ហើយកំពុងសម្រុកហ្វឹកហាត់ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ។ ក្នុងការប្រកួតនេះ រតនា ក៏មានកាតព្វកិច្ចសំខាន់ៗ ២ ដែរ ទី១ ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនលើកីឡាករឥណ្ឌូណេស៊ី និងទី២ ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យមិត្តរួមជាតិគឺកីឡាករ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni ផងដែរ៕
អត្ថបទ៖ លី ឈុនឡា