ក្រុមឧទ្ទាមឃើដ នៅទីក្រុង Aleppo នាថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ បានប្ដេជ្ញាថា នឹងការពារតំបន់របស់ពួកគេពីកងកម្លាំងរដ្ឋាភិបាល ដោយបដិសេធលក្ខខណ្ឌបទឈប់បាញ់ប្រកាសដោយទីក្រុងដាម៉ាស ដែលទាមទារឲ្យយុទ្ធជនឃើដដកចេញពីទីក្រុងរបស់ប្រទេសស៊ីរីមួយនេះ ជាកន្លែងដែលការប៉ះទង្គិចគ្នាបានមានសភាពកាន់តែខ្លាំងក្លា នៅសប្តាហ៍នេះ។
អំពើហិង្សា នៅទីក្រុងអាឡិបប៉ូ បានបង្ហាញពីជម្លោះយ៉ាងខ្លាំង រវាងរដ្ឋាភិបាលដឹកនាំដោយឥស្លាមនិយមរបស់លោកប្រធានាធិបតី Ahmed al-Sharaa និងកងកម្លាំងឃើដ ដែលបានតទល់នឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយុទ្ធជនរបស់ក្រុមនេះឲ្យមកស្ថិតនៅក្រោមអំណាចកណ្តាល។
យ៉ាងហោចណាស់មានជនស៊ីវិល ៩នាក់ ត្រូវបានសម្លាប់ និងជាង ១៤០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ យ៉ាងណាក្ដី ទាំងរដ្ឋាភិបាល និងកងកម្លាំងឃើដ មិនបានប្រកាសពីចំនួនអ្នកស្លាប់ និងរបួសក្នុងចំណោមយុទ្ធជនរបស់ភាគីទាំង២ ឡើយ។
បទឈប់បាញ់ដែលប្រកាសដោយក្រសួងការពារជាតិ នាពេលយប់ បានទាមទារឲ្យដកកងកម្លាំងឃើដទៅកាន់ភាគឦសាន ជាតំបន់ដែលកាន់កាប់ដោយឃើដ។ ការធ្វើបែបនោះនឹងបញ្ចប់ការគ្រប់គ្រងរបស់ពួកឃើដលើតំបន់តូចៗនៃទីក្រុង Aleppo ដែលកាន់កាប់ដោយកងកម្លាំងឃើដ ចាប់តាំងពីថ្ងៃដំបូងនៃជម្លោះស៊ីរីដែលបានចាប់ផ្តើមផ្ទុះឡើងនៅឆ្នាំ២០១១។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សានៃក្រុមឧទ្ទាមឃើដ ដែលគ្រប់គ្រងតំបន់ Sheikh Maksoud និង Ashrafiyah របស់ទីក្រុង Aleppo បានលើកឡើងថា ការអំពាវនាវឲ្យចាកចេញ គឺជា «ការអំពាវនាវឲ្យព្រមចុះចាញ់» ហើយកងកម្លាំងឃើដ នឹង «ការពារតំបន់របស់ពួកគេ» ខណៈដែលជំនួសវិញបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលថា បានបាញ់ផ្លោងយ៉ាងខ្លាំងក្លា។
លោក Tom Barrack បេសកជនសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីរី នៅមុននេះបានស្វាគមន៍អ្វីដែលលោកហៅថា «បទឈប់បាញ់បណ្តោះអាសន្ន» ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការយ៉ាងសកម្ម ដើម្បីបន្លាយពេលវេលានៃកិច្ចព្រមព្រៀងឲ្យលើសពីពេលផុតកំណត់ម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃនេះ។ លោកបានសរសេរនៅលើបណ្ដាញ X ថា «យើងមានក្តីសង្ឃឹមថា ចុងសប្តាហ៍នេះ នឹងនាំមកនូវភាពស្ងប់ស្ងាត់យូរអង្វែង និងការសន្ទនាកាន់តែស៊ីជម្រៅ»៕