បាល់ទាត់៖ ខ្សែការពារដែលជាគោលដៅចង់បានរបស់តោខៀវ Chelsea, Wesley Fofana បានសម្រេចចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ Leicester City ហើយដែលនឹងរក្សាកីឡាករបារាំងរូបនេះដល់ឆ្នាំ២០២៧។ កីឡាករវ័យ ២១ឆ្នាំខ្សែការពារកណ្តាលរូបនេះបានមកដល់ Leicester City កាលពីឆ្នាំ២០២០ ពីក្លិបបារាំង Saint Etienne និងបានបង្ហាញខ្លួនសរុប ៣៨លើកក្នុងរដូវកាលដំបូងមកកាន់ទឹកដីអង់គ្លេស។

យ៉ាងណាក្តី Wesley Fofana មិនទាន់បានបង្ហាញខ្លួនមួយប្រកួតណាឡើយរដូវកាលនេះ បន្ទាប់ពីរងរបួសបាក់ជើងក្នុងការប្រកួតមិត្តភាពទល់នឹងក្លិបអេស្ប៉ាញ Villarreal កាលពីខែសីហា។ Leicester City បច្ចុប្បន្នកំពុងឈរលេខ ១២ ក្នុងតារាងក្របខណ្ឌ English Premier League ខណៈដែលនឹងត្រូវទទួលភ្ញៀវបារាំង Rennes ថ្ងៃព្រហស្បតិ៍នេះក្របខណ្ឌ UEFA Europa Conference League វគ្គ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ