លោក Gustavo Petro ប្រធានាធិបតីប្រទេសកូឡុំប៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមានបណ្តាញទំនាក់ទំនងដោយបើកចំហជាមួយសហរដ្ឋអាមេរិក ទោះបីជាមានការគំរាមកំហែងកាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Donald Trump ពីសកម្មភាពយោធាប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះក៏ដោយ។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយAl Jazeera នៅរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Petro បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមរក្សាកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយទីក្រុងវ៉ាស៊ីនតោន ដោយបន្ទន់ជំហរជាងមុន បន្ទាប់ពីមានការកើនឡើងវោហាសាស្ត្រជាច្រើនថ្ងៃ។

ការថ្លែងលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃពុធសប្តាហ៍នេះ ជាទំនាក់ទំនងផ្ទាល់មួយដែលលោក Petro ចាត់ទុកថាជា «មធ្យោបាយទំនាក់ទំនងដែលមិនធ្លាប់មានពីមុនមក»។
លោក Petro បាននិយាយថា «ខ្ញុំបានប្រុងប្រយ័ត្ន ទោះបីជាមានការប្រមាថ ការគំរាមកំហែង និងអ្វីៗផ្សេងទៀតក៏ដោយ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀនរវាងប្រទេសកូឡុំប៊ី និងសហរដ្ឋអាមេរិក»។
ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro លោកTrump បានបង្វែរការគំរាមកំហែងពីសកម្មភាពយោធារបស់លោកទៅកាន់ប្រទេសកូឡុំប៊ី។
