កងទ័ពស៊ីរី កំពុងជាប់គាំងនៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងទីក្រុង Aleppo បន្ទាប់ពីអ្នកប្រយុទ្ធកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមឃឺដ បានបដិសេធមិនដកថយក្រោមបទឈប់បាញ់ ខណៈជនស៊ីវិលកាន់តែច្រើនបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដើម្បីគេចពីអំពើហិង្សានៅក្នុងទីក្រុងភាគខាងជើងរបស់ប្រទេសស៊ីរី។
លោក Mohammed al-Rajab ប្រធានក្រុមសង្គ្រោះបន្ទាន់នៅទីក្រុង Aleppo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera Arabic ថា មនុស្ស ១៦២.០០០នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅក្នុងសង្កាត់ Ashrafieh និងសង្កាត់ Sheikh Maqsoud របស់ទីក្រុង។

ប្រភពយោធាស៊ីរីបានប្រាប់ Al Jazeera Arabic ថា កងទ័ពកំពុង «ធ្វើឱ្យមានវឌ្ឍនភាព» នៅក្នុងសង្កាត់ Sheikh Maqsoud ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ហើយពេលនេះគ្រប់គ្រងបាន៥៥ភាគរយនៅតំបន់នោះ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន SANA គ្រប់គ្រងដោយរដ្ឋរបស់ស៊ីរី បាននិយាយថា យោធាបានចាប់ខ្លួនសមាជិកជាច្រើននាក់របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅក្នុងប្រតិបត្តិការចុងក្រោយរបស់ខ្លួននៅសង្កាត់ Sheikh Maqsoud ដែលកងទ័ពបានប្រកាសកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីថ្ងៃផុតកំណត់សម្រាប់អ្នកប្រយុទ្ធឃឺដដើម្បីដកខ្លួនចេញពីតំបន់ដែលបានដាក់ជាផ្នែកមួយនៃបទឈប់បាញ់បណ្តោះអាសន្ន បានផុតកំណត់។
ក្រសួងការពារជាតិស៊ីរី បានប្រកាសពីបទឈប់បាញ់កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលបីថ្ងៃ ដែលបានផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលកណ្តាល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងមួយដើម្បីបញ្ចូលកងកម្លាំងនេះទៅក្នុងរចនាសម្ព័ន្ធរដ្ឋ។
