លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសុក្រ ទី៩ ខែមករា ថា រដ្ឋាភិបាលរបស់លោកស្រីកំពុងស្វែងរកបណ្តាញផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតស្ថានទូតឡើងវិញនៅក្នុងប្រទេសទាំងពីរ បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ដោយសហរដ្ឋអាមេរិក ជាអ្វីដែលលោកស្រីបានចាត់ទុកថាជាការឈ្លានពានប្រឆាំងប្រជាជនវ៉េណេស៊ុយអេឡា។
លោកស្រី Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា នឹងឆ្លើយតបតាមរយៈមធ្យោបាយការទូត និងជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកទល់មុខផ្ទាល់ដោយផ្នែកការទូតសន្តិភាពបូលីវ៉ា ដើម្បីការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេស។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានធ្វើឡើងខណៈមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុង Caracas សម្រាប់ការវាយតម្លៃបច្ចេកទេស និងដឹកជញ្ចូនទាក់ទងនឹងការបន្តប្រតិបត្តិការស្ថានទូតជាដំណាក់កាល នេះបើយោងតាមក្រសួងការបរទេស។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា ការដោះលែងអ្នកទោសនយោបាយរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺជាសញ្ញានៃការស្វែងរកសន្តិភាព ហើយលោកបានលុបចោលការវាយប្រហារលើកទីពីរ ដែលបានគ្រោងទុក។
