អ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ នាថ្ងៃសៅរ៍ (ទី១០ ខែមករា ឆ្នាំ២០២៦) បានប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលបានឆេះបំផ្លាញផ្ទះសម្បែង ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី និងដុតបំផ្លាញផ្ទៃដីព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់។
អាជ្ញាធរបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ចំហេះព្រៃ ដែលភាគច្រើនឆាបឆេះឡើង នាពាក់កណ្តាលសប្តាហ៍ ចំពេលមានរលកកម្ដៅក្ដៅខ្លាំង នៅភាគអាគ្នេយ៍អូស្ត្រាលី បានលេបត្របាក់ផ្ទៃដីព្រៃជាង ៣០០.០០០ហិកតា ដោយបន្ថែមថា ចំហេះធំៗចំនួន ១០ នៅតែឆេះទូទាំងរដ្ឋ។

អាជ្ញាធរបានបញ្ជាក់ថា សំណង់អគារជាង ១៣០ខ្នង រួមទាំងផ្ទះសម្បែងផងដែរ ត្រូវបានបំផ្លាញ ហើយលំនៅឋាន និងទីកន្លែងអាជីវកម្មប្រហែល ៣៨.០០០កន្លែង គ្មានអគ្គិសនីប្រើប្រាស់ដោយសារតែចំហេះព្រៃ។ ពួកគេបានបន្ថែមថា ចំហេះព្រៃទាំងនេះ គឺជាស្ថានភាពដ៏អាក្រក់បំផុតជាលើកដំបូងដែលបានកើតមាននៅរដ្ឋនេះ គិតចាប់តាំងពីចំហេះព្រៃ Black Summer ឆ្នាំ២០១៩-២០២០ ដែលបានបំផ្លាញតំបន់មួយ ដែលមានទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់។
លោកស្រី Jacinta Allan រដ្ឋមន្ត្រីប្រចាំរដ្ឋ Victoria បាននិយាយថា អ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ កំពុងធ្វើការ ដើម្បីទប់ស្កាត់ចំហេះព្រៃ។ លោកស្រី Allan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ពីរដ្ឋធានី Melbourne ថា៖ «កន្លែងណាដែលស្ថានភាពអំណោយផលដល់យើង អណ្ដាតភ្លើងនឹងត្រូវបានគ្រប់គ្រង»។
នៅព្រឹកថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ប្រទេសជាតិកំពុងប្រឈមនឹងsស្ថានភាពចំហេះព្រៃដ៏ «ធ្ងន់ធ្ងរ និងគ្រោះថ្នាក់» ជាពិសេសនៅរដ្ឋ Victoria ដោយរដ្ឋភាគច្រើន ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ៕

