នៅពេលដែលការផ្ទុះបានបន្លឺឡើង នាពេលយប់ ហើយយន្តហោះចម្បាំងអាមេរិក បានហោះគ្រហឹមពេញផ្ទៃមេឃ នៅពីលើរដ្ឋធានីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក Jorge Suarez និងសហការីរបស់លោក បានស្ទុះយ៉ាងប្រញាប់ប្រញាល់អមដោយការភ័យខ្លាច ទៅកាន់កាំភ្លើងរបស់ពួកគេ។
សម្រាប់សមាជិកនៃក្រុម «Colectivos» ជាអ្នកស្មោះត្រង់ប្រដាប់អាវុធរបស់ថ្នាក់ដឹកនាំឆ្វេងនិយម ការវាយឆ្មក់របស់សហរដ្ឋអាមេរិកដែលបានទម្លាក់លោក Nicolas Maduro ចេញពីតំណែងប្រធានាធិបតី គឺជាបញ្ហាប្រឈមដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

ដោយពាក់វ៉ែនតាខ្មៅ និងមួកដែលមានពាក្យស្លោកថា «ការសង្ស័យ គឺជាការក្បត់ជាតិ» លោក Suarez បាននិយាយថា៖ «យើងមិនស៊ាំជាមួយនឹងវានោះទេ ពោលវាគឺជារឿងមិនគួរឲ្យជឿ ដែលដូចនឹងឈុតឆាកខ្សែភាពយន្តអ៊ីចឹង។ យើងបានចេញទៅតាមដងផ្លូវ ដោយរង់ចាំការណែនាំពីថ្នាក់ដឹកនាំរបស់យើង»។
ក្នុងនាមជាអ្នកការពារដ៏មានមោទនភាព ចំពោះ «បដិវត្តន៍បូលីវ៉ា» សង្គមនិយមរបស់ថ្នាក់ដឹកនាំវេណេស៊ុយអេឡា ការទម្លាក់លោក Maduro ចេញពីអំណាច បានធ្វើឲ្យពួកគេក្រេវក្រោធ និងងឿងឆ្ងល់ ដោយជឿជាក់ថា រូបលោកប្រាកដជាត្រូវបានក្បត់ដោយសម្ព័ន្ធមិត្តជិតស្និទ្ធ។
សមាជិកអាយុ ៤៣ឆ្នាំម្នាក់នៃក្រុម Boina Roja ដែលមានន័យថា Red Beret (មួកកន្តឹបក្រហម) ដែលប្រាប់ខ្លួនឯងត្រឹមឈ្មោះលោក Willians បាននិយាយថា «មានទាំងការខកចិត្ត កំហឹង និងឆន្ទៈ ក្នុងការប្រយុទ្ធ»។
ដោយបានលើកឡើងពីការបរាជ័យដ៏មិនគួរឲ្យជឿ នៅក្នុងការការពារលោក Maduro រូបគេបានបន្ថែមថា៖ «វានៅតែមិនទាន់ច្បាស់ថា តើមានអ្វីកើតឡើង តែអ្វីដែលច្បាស់នោះ គឺថា មានអ្នកក្បត់ច្រើន។ យើងមិនយល់ថា តើប្រព័ន្ធប្រឆាំងយន្តហោះមិនអាចដំណើរការយ៉ាងដូចម្តេច។ យើងមិនដឹងថា តើមានអ្វីកើតឡើងជាមួយប្រព័ន្ធបាញ់រ៉ូកែត»៕
