ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានប្រកាសកាលពីថ្ងៃសុក្រ (ទី៩ ខែមករា)ថា ខ្លួនកំពុងចាប់ផ្ដើមពិនិត្យឡើងវិញលើជនភៀសខ្លួនរាប់ពាន់ករណី នៅរដ្ឋ Minnesota ដោយធ្វើឲ្យជនអន្តោប្រវេសន៍ដែលទទួលបានការយល់ព្រមថា ជាជនស្ថិតក្នុងឋានៈនេះ ត្រូវប្រឈមនឹងការសម្ភាសន៍ និងការត្រួតពិនិត្យប្រវត្តិថ្មី ចំពេលមានការបង្ក្រាបយ៉ាងខ្លាំងរបស់សហព័ន្ធនៅក្នុងរដ្ឋនេះ។
មន្ត្រីសន្តិសុខមាតុភូមិ បាននិយាយថា ការផ្តោតជាដំបូងនៃកិច្ចខិតខំប្រឹងប្រែងនេះ នឹងមានលើជនភៀសខ្លួនប្រហែល ៥.៦០០នាក់ នៅក្នុងរដ្ឋនេះ ដែលមិនទាន់មានកាតបៃតង (Green Card)។ ការសើរើនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលសហព័ន្ធ បានបង្កើនប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួន នៅក្នុងរដ្ឋនេះ ដោយបានដាក់ពង្រាយមន្ត្រីប្រហែល ២.០០០នាក់ ទៅកាន់តំបន់ Minneapolis-St. Paul។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋ Minnesota គឺជាទីកន្លែងផ្ដោតសំខាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ប្រតិបត្តិការ នៅរដ្ឋ Minnesota នេះ បង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងមិននៅស្ងៀមជាដាច់ខាត ខណៈដែលប្រព័ន្ធអន្តោប្រវេសន៍សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដោយអ្នកដែលស្វែងរកការក្លែងបន្លំ លើប្រជាជនអាមេរិក»។
បើយោងតាមសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់បន្ថែមថា កិច្ចប្រឹងប្រែង ដើម្បីពិនិត្យឡើងវិញនូវសិទ្ធិជនភៀសខ្លួន បានចាប់ផ្តើមនាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ ហើយករណីណាមួយនៃការក្លែងបន្លំ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ត្រូវបានបញ្ជូនទៅស្ថាប័នអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)។
គួរបញ្ជាក់ថា ភាពតានតឹង រវាងមន្ត្រីសហព័ន្ធ និងមន្ត្រីមូលដ្ឋាន នៅរដ្ឋ Minnesota បានកើនឡើងបន្ទាប់ពីមានការសម្លាប់លោកស្រី Renee Nicole Good ជាស្ត្រីអាយុ ៣៧ឆ្នាំ ដែលត្រូវបានមន្ត្រីអន្តោប្រវេសន៍សហព័ន្ធបាញ់បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី៧ ខែមករា៕

