នាថ្ងៃសៅរ៍ (ទី១០ ខែមករា ឆ្នាំ២០២៦) នេះ កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្ហោះយានដ្រូនមួយគ្រឿងផ្សេងទៀតនៅលើដែនដីរបស់ខ្លួន ក្នុងខែនេះ សម្រាប់គោលបំណងចារកម្ម ជាការអះអាងដែលទីក្រុងសេអ៊ូលបានបដិសេធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា យោធាកូរ៉េខាងជើងបានតាមដានយានដ្រូនមួយគ្រឿង «កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងជើង» ពីលើតំបន់ Ganghwa នៅព្រំដែនកូរ៉េខាងត្បូង នាដើមខែមករា មុនពេលបាញ់ទម្លាក់វា នៅជិតទីក្រុង Kaesong របស់កូរ៉េខាងជើង។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ឧបករណ៍ឃ្លាំមើលត្រូវបានដំឡើង» នៅលើយានដ្រូន ហើយការវិភាគលើបំណែករបស់វា បានបង្ហាញថា វាបានរក្សាទុកនូវវីដេអូនៃ «គោលដៅសំខាន់ៗ» របស់កូរ៉េខាងជើង ក្នុងនោះរួមទាំងតំបន់ព្រំដែនផងដែរ។
កូរ៉េខាងត្បូងបានប្រាប់ថា ខ្លួនមិនមានកំណត់ហេតុនៃការហោះហើរនេះនោះទេ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back បាននិយាយថា យានដ្រូនដែលទីក្រុងព្យុងយ៉ាងបានលើកឡើងនោះ «មិនមែនជាគំរូដែលដំណើរការដោយយោធារបស់យើងឡើយ»។ ក្រសួងការពារជាតិ បានបន្ថែមថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឲ្យធ្វើការស៊ើបអង្កេត។
ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃទីក្រុងសេអ៊ូល តំបន់ Ganghwa គឺជាទឹកដីកូរ៉េខាងត្បូងមួយ ក្នុងចំណោមដែនដីកូរ៉េខាងត្បូងដែលនៅកៀកបំផុតនឹងកូរ៉េខាងជើង៕
